ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ អៀង​ មូលី​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ ដឹកនាំ​កិច្ច​ប្រជុំ​ពេញ​អង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ លើក​ទី​១​ ឆ្នាំ​២០២៥

ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ អៀង​ មូលី​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ ដឹកនាំ​កិច្ច​ប្រជុំ​ពេញ​អង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ លើក​ទី​១​ ឆ្នាំ​២០២៥

នៅ​ព្រឹក​ថ្ងៃ​ពុធ​ ១​រោច​ ខែ​ជេស្ឋ​ ឆ្នាំ​ម្សាញ់​ សប្តស័ក​ ព.ស.​២៥៦៩​ ត្រូវ​នឹង​ថ្ងៃ​ទី​១១​ ខែ​មិថុនា​ ឆ្នាំ​២០២៥​ ចាប់​ពី​ម៉ោង​៨៖៣០​ព្រឹក​ នៅ​សាល​ប្រជុំ​សណ្ឋាគារ​ឯករាជ្យ​ ខេត្ត​ព្រះសីហនុ​ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ អៀង​ មូលី​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដឹកនាំ​កិច្ច​ប្រជុំ​ពេញ​អង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ លើក​ទី​១​ ឆ្នាំ​២០២៥។​ កិច្ច​ប្រជុំ​នេះ​ឡើង​ដើម្បី​ពិនិត្យ​មើល​រួម​គ្នា​នូវ​វឌ្ឍនភាព​ សមិទ្ធផល​ និង​ប្រសិទ្ធភាព​ ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​សម្រាប់​ រយៈពេល​៦​ខែ​ដើម​ឆ្នាំ​២០២៥​ និង​ធ្វើ​ការ​ប្រមូល​ ពិភាក្សា​លើ​ធាតុ​ចូល​ រួម​ជាមួយ​នឹង​អនុសាសន៍​ពី​ សមាជិក​ សមាជិក​ដែល​អញ្ជើញ​ចូល​រួម​ដែល​មាន៖​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោក​ស្រី​ ជា​ប្រធាន​ គណៈ​កម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ក្រសួង​ ស្ថាប័ន​ រាជធានី​ ខេត្ត​ និង​ក្រុម​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​ អេដស៍​ក្រសួង​ ស្ថាប័ន​ ព្រម​ទាំង​ប្រធាន​លេខាធិ​ការ​ដ្ឋាន​​​ប្រយុទ្ធ​នឹ​​ង​​​​​ជំងឺ​អេដស៍​រាជធានី​ ខេត្ត​ទាំង​២៥​ អង្គការ​អន្តរ​ជាតិ​ និង​អង្គការ​សង្គម​ស៊ីវិល​ សរុប​ចំនួន​​១៩០​នាក់។

បន្ទាប់​ពី​សុន្ទរកថា​ស្វាគមន៍​ដោយ​ឯកឧត្តម​ នៃ​ គង់​ អភិបាល​រង​ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ខេត្ត​ព្រះសីហនុ​ តំណាង​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បាន​បើក​កិច្ច​ប្រជុំ​ដោយ​ថ្លែង​អំណរគុណ​ចំពោះ​ក្រសួង​ ស្ថាប័ន​ពាក់ពន្ធ័​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ និង​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ក្នុង​ការ​ជំរុញ​និង​ចូល​រួម​អនុវត្ត​គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍​និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ​២០២៣-២០២ៈ​ ព្រម​ទាំង​មាន​ប្រសាសន៍​អំពី​មោទនភាព​ចំពោះ​វឌ្ឍនភាព​ និង​សមិទ្ធផល​ប្រកប​ដោយ​ជោគជ័យ​ ដែល​កម្ពុជា​យើង​ទទួល​បាន​ក្នុង​ពេល​ថ្មីៗ។​ ទន្ទឹមនឹង​នេះ​ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បាន​រំឭក​ពី​លទ្ធផល​នៃ​ទស្សនកិច្ច​របស់​លោក​ជំទាវ​ Winnie​ Byanyima​ អគ្គលេខាធិការ​រង​អង្គការ​សហប្រជាជាតិ​ និង​ជា​នាយិកា​ប្រតិបត្តិ​ អង្គការ​UNAIDS​ នៅ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​១១​ដល់​១៦​ ខែ​ឧសភា​ ឆ្នាំ​២០២៥​ ដោយ​ក្នុង​នោះ​អង្គការ​UNAIDS​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កោត​សរសើរ​កម្ពុជា​លើ​៤​ចំណុច៖

  1. ជោគជ័យ​ក្នុង​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍​ដែល​ទទួល​បាន​៩២-១០០-៩៨​ លើ​គោលដៅ​៩៥-៩៥-៩៥។​ លទ្ធផល​នេះ​ខ្ពស់​ជាង​លទ្ធផល​នៅ​ក្នុង​ពិភព​លោក​ និង​ខ្ពស់​ជាង​៣​ដង​នៃ​ លទ្ធផល​របស់​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វ៊ិក
  2. លើក​យក​មក​ផ្សព្វផ្សាយ​ប្រសាសន៍​សម្តេច​មហាបវរ​ធិបតី​ថា៖​ “បើ​និយាយ​ពី​ការ​កសាង​ធនធាន​មនុស្ស​យើង​ត្រូវ​យកចិត្ត​ទុក​ដាក់​លើ​សុខភាព​របស់​ប្រជាជន”
  3. ការ​ផ្តល់​វិភាគទាន​ផ្នែក​ហិរញ្ញវត្ថុ​ ១០០​ ០០០​ដុល្លារ​អាម៉េរិក​របស់​កម្ពុជា​ដល់​អង្គការ​UNAIDS​ ជា​និមិត្តរូប​នៃ​សារ​ដ៏​សំខាន់​មួយ​ដែល​កម្ពុជា​បាន​ផ្តល់​ដល់​UNAIDS​ ដល់​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍​ និង​ដល់​ប្រព័ន្ធ​ពហុភាគី​និយម។​ វិភាគទាន​ហិរញ្ញវត្ថុ​នេះ​ក៏​បញ្ជូន​សារ​ដល់​ប្រទេស​ម្ចាស់​ជំនួយ​ និង​ប្រទេស​ឯទៀត​របស់​អាស៊ាន​ ឱ្យ​បន្ត​បោះទុន​ដើម្បី​បញ្ចប់​ការ​រីក​រាល​ដាល​នៃ​ មេរោគ​អេដស៍។
  4. អប​អរ​សាទរ​ការ​រៀបចំ​ទិវា​ម=ម​(មើល​មេរោគ​មិន​ឃើញ​=មិន​ចម្លង​មេរោគ​អេដស៍​ទៅ​អ្នក​ដទៃ)​ (Undetectable=Untransmittable)​ ដែល​រៀបចំ​បាន​ល្អ​នៅ​ខេត្ត​សៀម​រាប។

នៅ​ក្នុង​ដំណើរការ​ កិច្ច​ប្រជុំ​បាន​ស្តាប់៖​ ១-​ បទ​បង្ហាញ​ពី​”វឌ្ឍនភាព​នៃ​ការ​អនុវត្ត​វិធីសាស្ត្រ​ប្រើ​ប្រាស់​ ឱសថ​បង្ការ​មុន​ពេល​ប្រព្រឹត្ត​ប្រឈម​នឹង​ការ​ចម្លង​មេរោគ​អេដស៍​(PrEP)”​ ២-​ បទ​បង្ហាញ​សេចក្តី​ព្រាង​ស្តី​ពី​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​នៃ​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​២​ ឆ្នាំ​២០២៤​ ៣-​ បទ​ បង្ហាញ​ពី​អន្តរកាល​និង​ចីរភាព​នៃ​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍​ និង​ជំងឺ​អេដស៍​ និង​បាន​ពិភាក្សា​និង​អនុម័ត​ជា​ឯកច្ឆ័ន្ទ​សេចក្តី​សម្រេច​ចិត្ត​ កិច្ច​ប្រជុំ​ពេញ​អង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​លើក​ទី​១​ ឆ្នាំ​២០២៥។

មាន​ប្រសាសន៍​មុន​បិទ​កិច្ច​ប្រជុំ​ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បាន​ផ្តល់​អនុសាសន៍​ ដូច​ខាង​ក្រោម៖

  1. អគ្គលេខាធិការ​ដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ត្រូវ​ប្រមូល​រាល់​ធាតុ​ចូល​ និង​ អនុសាសន៍​ទាំងអស់​ដែល​បាន​អនុម័ត​ជា​គោលការណ៍​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ ដើម្បី​យក​ទៅ​រៀបចំ​ និង​កែ​សម្រួល​សម្រាប់​ដាក់​ចេញ​នូវ​គម្រោង​ផែនការ​សកម្មភាព​នា​ពេល​ខាង​មុខ។
  2. កសាង​សមត្ថភាព​ស្ថាប័ន​ សហគមន៍​ និង​បុគ្គល​ ដើម្បី​ពង្រឹង​ការ​ឆ្លើយតប​ដោយ​សហគមន៍​ និង​កែ​លម្អ​ការ​ធ្វើ​សមាហរណកម្ម​ឆ្លើយតប​នឹង​មេរោគ​អេដស៍​ក្នុង​វិស័យ​សុខាភិបាល​ និង​ វិស័យ​មិន​មែន​សុខាភិបាល។
  3. បន្ត​ជំរុញ​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុខុមាលភាព​សង្គម​ និង​បង្កើត​បរិយាកាស​អំណោយផល​ឱ្យ​ក្រុម​ប្រជាជន​គន្លឹះ​ និង​អ្នក​ផ្ទុក​មេរោគ​អេដស៍​ បាន​ទទួល​សេវា​មេរោគ​អេដស៍​ សេវា​ សុខាភិបាល​ និង​សេវា​គាំទ្រ​ផ្នែក​ច្បាប់​ និង​សង្គម​ផ្សេងៗ​ប្រកប​ដោយ​ប្រសិទ្ធភាព។
  4. បន្ត​ជំរុញ​ការ​ពង្រឹង​ប្រព័ន្ធ​ជាតិ​(Country​ system)​ ក្នុង​ការ​ឆ្លើយតប​ជា​ពហុវិស័យ​ចំពោះ​ការ​រីក​រាល​ដាល​នៃ​មេរោគ​អេដស៍​និង​ជំងឺ​អេដស៍​ ឈាន​ទៅ​សម្រេច​ឱ្យ​បាន​ក្នុង​ពេល​ឆាប់ៗ​នូវ​ចីរភាព​នៃ​កម្មវិធី​អេដស៍​នៅ​កម្ពុជា។
  5. សូម​ស្នើ​ក្រសួង​សុខាភិបាល​រៀបចំ​បែបបទ​ នីតិវិធី​ប្រមូល​ទិន្នន័យ​ពី​គ្លីនិក​ និង​មន្ទីរពេទ្យ​ឯកជន​ដែល​ព្យាបាល​អ្នក​ជំងឺ​អេដស៍​ និង​បង្កើន​ទីតាំង​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​ និង​ទីតាំង​ព្យាបាល​ថែទាំ​ រួម​ទាំង​ការ​កែ​លម្អ​គុណភាព​នៃ​សេវា​ឱ្យ​កាន់​តែ​ច្រើន​ និង​កាន់​តែ​ប្រសើរ​ឡើង។
  6. បង្កើន​ការ​អង្កេត​ តាម​ដាន​ នូវ​ឥរិយាបថ​ប្រឈម​ថ្មីៗ​ដូច​ជា​ ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ (Social​ Media)​ ដើម្បី​ស្វែង​រក​ដៃគូ​រួម​ភេទ​ ក្រុម​អ្នក​ប្រើ​គ្រឿង​ញៀន​នៅ​ពេល​រួម​ភេទ​ (Chemsex)​ ដែល​មិន​បាន​បង្ការ​ពី​ការ​ឆ្លង​មេរោគ​អេដស៍។
  7. ជំរុញ​នីតិវិធី​ក្នុង​ការ​ផ្ដល់​បណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល​ដល់​ប្រជាជន​គន្លឹះ​ ជា​ពិសេស​ក្រុម​យុវវ័យ​ បុរស​រួម​ភេទ​ជាមួយ​បុរស​ ដែល​ជា​មុខ​ញ្ញា​ងាយ​រង​គ្រោះ​ដោយ​សារ​ការ​ឆ្លង​មេរោគ​អេដស៍​ខ្ពស់។
  8. បង្កើន​តំបន់​គ្រប​ដណ្តប់​កម្មវិធី​PrEP​ ឱ្យ​បាន​ទូលំ​ទូលាយ​និង​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។​បន្ត​ផ្សព្វ​ផ្សាយ​ការ​យល់​ដឹង​ពី​សារៈ​សំខាន់​នៃ​ការ​ប្រើ​ប្រាស់​សេវា​PrEP​ ដើម្បី​ទាក់ទាញ​អ្នក​ដែល​មិន​ទាន់​បាន​ដឹង​ឱ្យ​មក​ទទួល​យក​សេវា​ ពិសេស​លើ​ក្រុម​បុរស​រួម​ភេទ​ជាមួយ​បុរស​ ក្រុម​បំប្លែង​ភេទ​ និង​ក្រុម​អ្នក​បម្រើ​សេវា​កម្សាន្ត។
  9. បន្ត​កិច្ច​សហ​ប្រតិបត្តិការ​ និង​ការ​ចូល​រួម​ពី​ភាគី​ពាក់ព័ន្ធ​ជា​ពហុវិស័យ​ ការ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​ពាក់ព័ន្ធ​ក្នុង​ការ​អនុវត្ត​ន​គោលនយោបាយ​ ព្រម​ទាំង​ការ​ស្វែង​រក​ថវិកា​ឱ្យ​បាន​សមស្រប​ ដើម្បី​ជំរុញ​ឱ្យ​កម្ពុជា​យើង​ឈាន​ទៅ​សម្រេច​គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍​ និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ​២០២៣-២០២៨​តាម​កាល​កំណត់។
    កិច្ច​ប្រជុំ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​ដប់​ពីរ​និង​ហាសិប​នាទី​ ប្រកប​ដោយ​លទ្ធផល​ជា​ផ្លែ​ផ្កា។​ ជា​ ទីបញ្ចប់​ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បាន​ជូន​ពរ​ដល់​សមាជិក​អង្គ​ប្រជុំ​នូវ​ជ័យ​មង្គល​មហា​ប្រសើរ​ សេចក្តី​សុខ​សេចក្តី​ចម្រើន​ ប្រាជ្ញា​ឈ្លាស​វៃ​ ដើម្បី​បន្ត​ភារកិច្ច​រួម​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ទទួល​បាន​ជោគជ័យ​ថ្មីៗ​បន្ថែម​ទៀត៕