ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៥
by Admin-Kanel | June 17, 2025 4:20 pm
នៅព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីម៉ោង៨៖៣០ព្រឹក នៅសាលប្រជុំសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៥។ កិច្ចប្រជុំនេះឡើងដើម្បីពិនិត្យមើលរួមគ្នានូវវឌ្ឍនភាព សមិទ្ធផល និងប្រសិទ្ធភាព ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍សម្រាប់ រយៈពេល៦ខែដើមឆ្នាំ២០២៥ និងធ្វើការប្រមូល ពិភាក្សាលើធាតុចូល រួមជាមួយនឹងអនុសាសន៍ពី សមាជិក សមាជិកដែលអញ្ជើញចូលរួមដែលមាន៖ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងក្រុមការងារប្រយុទ្ធនឹងជំងឺ អេដស៍ក្រសួង ស្ថាប័ន ព្រមទាំងប្រធានលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្តទាំង២៥ អង្គការអន្តរជាតិ និងអង្គការសង្គមស៊ីវិល សរុបចំនួន១៩០នាក់។
បន្ទាប់ពីសុន្ទរកថាស្វាគមន៍ដោយឯកឧត្តម នៃ គង់ អភិបាលរង និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តព្រះសីហនុ តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបើកកិច្ចប្រជុំដោយថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ពន្ធ័ទាំងអស់ដែលបានខិតខំប្រឹងប្រែង និងសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការជំរុញនិងចូលរួមអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២ៈ ព្រមទាំងមានប្រសាសន៍អំពីមោទនភាពចំពោះវឌ្ឍនភាព និងសមិទ្ធផលប្រកបដោយជោគជ័យ ដែលកម្ពុជាយើងទទួលបានក្នុងពេលថ្មីៗ។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានរំឭកពីលទ្ធផលនៃទស្សនកិច្ចរបស់លោកជំទាវ Winnie Byanyima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិ អង្គការUNAIDS នៅកម្ពុជា កាលពីថ្ងៃទី១១ដល់១៦ ខែឧសភា ឆ្នាំ២០២៥ ដោយក្នុងនោះអង្គការUNAIDS បានចេញសេចក្តីប្រកាសព័ត៌មានកោតសរសើរកម្ពុជាលើ៤ចំណុច៖
- ជោគជ័យក្នុងការឆ្លើយតបនឹងមេរោគអេដស៍ដែលទទួលបាន៩២-១០០-៩៨ លើគោលដៅ៩៥-៩៥-៩៥។ លទ្ធផលនេះខ្ពស់ជាងលទ្ធផលនៅក្នុងពិភពលោក និងខ្ពស់ជាង៣ដងនៃ លទ្ធផលរបស់ប្រទេសនានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វ៊ិក
- លើកយកមកផ្សព្វផ្សាយប្រសាសន៍សម្តេចមហាបវរធិបតីថា៖ “បើនិយាយពីការកសាងធនធានមនុស្សយើងត្រូវយកចិត្តទុកដាក់លើសុខភាពរបស់ប្រជាជន”
- ការផ្តល់វិភាគទានផ្នែកហិរញ្ញវត្ថុ ១០០ ០០០ដុល្លារអាម៉េរិករបស់កម្ពុជាដល់អង្គការUNAIDS ជានិមិត្តរូបនៃសារដ៏សំខាន់មួយដែលកម្ពុជាបានផ្តល់ដល់UNAIDS ដល់ការឆ្លើយតបនឹងមេរោគអេដស៍ និងដល់ប្រព័ន្ធពហុភាគីនិយម។ វិភាគទានហិរញ្ញវត្ថុនេះក៏បញ្ជូនសារដល់ប្រទេសម្ចាស់ជំនួយ និងប្រទេសឯទៀតរបស់អាស៊ាន ឱ្យបន្តបោះទុនដើម្បីបញ្ចប់ការរីករាលដាលនៃ មេរោគអេដស៍។
- អបអរសាទរការរៀបចំទិវាម=ម(មើលមេរោគមិនឃើញ=មិនចម្លងមេរោគអេដស៍ទៅអ្នកដទៃ) (Undetectable=Untransmittable) ដែលរៀបចំបានល្អនៅខេត្តសៀមរាប។
នៅក្នុងដំណើរការ កិច្ចប្រជុំបានស្តាប់៖ ១- បទបង្ហាញពី”វឌ្ឍនភាពនៃការអនុវត្តវិធីសាស្ត្រប្រើប្រាស់ ឱសថបង្ការមុនពេលប្រព្រឹត្តប្រឈមនឹងការចម្លងមេរោគអេដស៍(PrEP)” ២- បទបង្ហាញសេចក្តីព្រាងស្តីពីវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គលើកទី២ ឆ្នាំ២០២៤ ៣- បទ បង្ហាញពីអន្តរកាលនិងចីរភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ និងបានពិភាក្សានិងអនុម័តជាឯកច្ឆ័ន្ទសេចក្តីសម្រេចចិត្ត កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ឆ្នាំ២០២៥។
មានប្រសាសន៍មុនបិទកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ ដូចខាងក្រោម៖
- អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវប្រមូលរាល់ធាតុចូល និង អនុសាសន៍ទាំងអស់ដែលបានអនុម័តជាគោលការណ៍នៅក្នុងកិច្ចប្រជុំនេះ ដើម្បីយកទៅរៀបចំ និងកែសម្រួលសម្រាប់ដាក់ចេញនូវគម្រោងផែនការសកម្មភាពនាពេលខាងមុខ។
- កសាងសមត្ថភាពស្ថាប័ន សហគមន៍ និងបុគ្គល ដើម្បីពង្រឹងការឆ្លើយតបដោយសហគមន៍ និងកែលម្អការធ្វើសមាហរណកម្មឆ្លើយតបនឹងមេរោគអេដស៍ក្នុងវិស័យសុខាភិបាល និង វិស័យមិនមែនសុខាភិបាល។
- បន្តជំរុញនិងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសង្គម និងបង្កើតបរិយាកាសអំណោយផលឱ្យក្រុមប្រជាជនគន្លឹះ និងអ្នកផ្ទុកមេរោគអេដស៍ បានទទួលសេវាមេរោគអេដស៍ សេវា សុខាភិបាល និងសេវាគាំទ្រផ្នែកច្បាប់ និងសង្គមផ្សេងៗប្រកបដោយប្រសិទ្ធភាព។
- បន្តជំរុញការពង្រឹងប្រព័ន្ធជាតិ(Country system) ក្នុងការឆ្លើយតបជាពហុវិស័យចំពោះការរីករាលដាលនៃមេរោគអេដស៍និងជំងឺអេដស៍ ឈានទៅសម្រេចឱ្យបានក្នុងពេលឆាប់ៗនូវចីរភាពនៃកម្មវិធីអេដស៍នៅកម្ពុជា។
- សូមស្នើក្រសួងសុខាភិបាលរៀបចំបែបបទ នីតិវិធីប្រមូលទិន្នន័យពីគ្លីនិក និងមន្ទីរពេទ្យឯកជនដែលព្យាបាលអ្នកជំងឺអេដស៍ និងបង្កើនទីតាំងធ្វើតេស្តរកមេរោគអេដស៍ និងទីតាំងព្យាបាលថែទាំ រួមទាំងការកែលម្អគុណភាពនៃសេវាឱ្យកាន់តែច្រើន និងកាន់តែប្រសើរឡើង។
- បង្កើនការអង្កេត តាមដាន នូវឥរិយាបថប្រឈមថ្មីៗដូចជា ការប្រើប្រាស់បណ្តាញសង្គម (Social Media) ដើម្បីស្វែងរកដៃគូរួមភេទ ក្រុមអ្នកប្រើគ្រឿងញៀននៅពេលរួមភេទ (Chemsex) ដែលមិនបានបង្ការពីការឆ្លងមេរោគអេដស៍។
- ជំរុញនីតិវិធីក្នុងការផ្ដល់បណ្ណមូលនិធិសមធម៌សុខាភិបាលដល់ប្រជាជនគន្លឹះ ជាពិសេសក្រុមយុវវ័យ បុរសរួមភេទជាមួយបុរស ដែលជាមុខញ្ញាងាយរងគ្រោះដោយសារការឆ្លងមេរោគអេដស៍ខ្ពស់។
- បង្កើនតំបន់គ្របដណ្តប់កម្មវិធីPrEP ឱ្យបានទូលំទូលាយនិងឱ្យកាន់តែមានប្រសិទ្ធភាព។បន្តផ្សព្វផ្សាយការយល់ដឹងពីសារៈសំខាន់នៃការប្រើប្រាស់សេវាPrEP ដើម្បីទាក់ទាញអ្នកដែលមិនទាន់បានដឹងឱ្យមកទទួលយកសេវា ពិសេសលើក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ និងក្រុមអ្នកបម្រើសេវាកម្សាន្ត។
- បន្តកិច្ចសហប្រតិបត្តិការ និងការចូលរួមពីភាគីពាក់ព័ន្ធជាពហុវិស័យ ការផ្លាស់ប្ដូរផ្នត់គំនិតពាក់ព័ន្ធក្នុងការអនុវត្តនគោលនយោបាយ ព្រមទាំងការស្វែងរកថវិកាឱ្យបានសមស្រប ដើម្បីជំរុញឱ្យកម្ពុជាយើងឈានទៅសម្រេចគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨តាមកាលកំណត់។
កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោងដប់ពីរនិងហាសិបនាទី ប្រកបដោយលទ្ធផលជាផ្លែផ្កា។ ជា ទីបញ្ចប់ឯកឧត្តមទេសរដ្ឋមន្រ្តីបានជូនពរដល់សមាជិកអង្គប្រជុំនូវជ័យមង្គលមហាប្រសើរ សេចក្តីសុខសេចក្តីចម្រើន ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តភារកិច្ចរួមជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត៕
Source URL: https://iengmouly.net/km/2025/06/17/%e1%9e%af%e1%9e%80%e1%9e%a7%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%98%e1%9e%91%e1%9f%81%e1%9e%9f%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%98%e1%9e%93%e1%9f%92%e1%9e%9a%e1%9f%92%e1%9e%8f%e1%9e%b8/