នៅរសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីម៉ោង១:៣០នាទី នៅសាលប្រជុំ វ៉ី សំណាង នៃរដ្ឋបាលខេត្តកំពង់ស្ពឺ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបរសេដ្ឋ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាស្ដីពីកិច្ចការងារពាក់ព័ន្ធនឹងវិស័យដីធ្លីដល់អាជ្ញាធរមូលដ្ឋានក្នុងខេត្តកំពង់ស្ពឺ។
អញ្ជើញចូលរួមក្នុងសិក្ខាសាលារួមមាន ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឱរ៉ាល់ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមការងារផ្នែកច្បាប់ជួយការងារឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ តំណាងរដ្ឋបាលខេត្តកំពង់ស្ពឺ(អភិបាលរងទទួលបន្ទុកដីធ្លី នាយករងរដ្ឋបាល នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសុរិយោដីខេត្ត ព្រមទាំងមន្ត្រីជំនាញ) អភិបាល អភិបាលរងស្រុក នាយករដ្ឋបាល ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក ប្រធានការិយាល័យនីតិកម្មនិងសម្រុះសម្រួលវិវាទមូលដ្ឋានស្រុក មេឃុំ ស្មៀនឃុំ មេភូមិ នៃស្រុកបរសេដ្ឋ និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍(អមដំណើរឯកឧត្តមទេសរដ្ឋមន្ត្រី) សរុបប្រមាណ៣៥០នាក់។
បន្ទាប់ពីសុន្ទរកថាបើកសិក្ខាសាលាដោយឯកឧត្តមទេសរដ្ឋមន្ត្រី សិក្ខាសាលាស្តាប់បទបង្ហាញដូចខាងក្រោម៖
- កិច្ចការរដ្ឋបាលរបស់អាជ្ញាធរឃុំ សង្កាត់ និងភូមិ ដោយលោក អ៉ឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន និងលោក មាស ឈីវហ៊ុន អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃក្រសួងមហាផ្ទៃ។
- វិស័យដីធ្លីរបស់អាជ្ញាធរឃុំ សង្កាត់ និងភូមិ ដោយ លោក ឈី លាង អគ្គនាយករង នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ នៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។
- ការទទួលខុសត្រូវតាមផ្លូវច្បាប់ របស់អាជ្ញាធរឃុំ សង្កាត់ និងភូមិ ដោយឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការ ទីស្តីការ គណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារផ្នែកច្បាប់ ឯកឧត្តមឧបនាយករដ្ឋមន្រី្ត ហ៊ុន ម៉ានីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ។











