នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជួបពិភាក្សាការងារអំពីស្ថានភាពនៃការគាំទ្រថវិការបស់មូលនិធិសកលជាមួយលោក Mark Edington នាយកខាងផ្តល់ហិរញ្ញប្បទាននៃមូលនិធិសកល (Head of Grant Management) និងលោក Urban Weber នាយផ្នែកផលប៉ះពាល់កម្រិតខ្ពស់នៅអាស៊ី (Head of Department - High Impact Asia) នៅទីស្នាក់ការមូលនិធិសកល។ ចូលរួមក្នុង ជំនួបនេះរួមមានឯកឧត្តម អ៊ិន តារា ឯកអគ្គរាជទូត តំណាង អចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅហ្សឺណែវ ប្រទេសស្វ៊ីស លោកស្រី Gloria Pesarin បុគ្គលិកជាន់ខ្ពស់កម្មវិធី ផ្នែកផលប៉ះពាល់កម្រិតខ្ពស់ នៅអាស៊ី (Senior Program Officer, High Impact Asia Department) និងឯកឧត្តម ស៊ន ពិសិដ្ឋ នាយកខុទ្ទកាល័យ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
បន្ទាប់ពីស្វាគមន៍ ឯកឧត្តមទេសរដ្ឋមន្រ្តីបានជម្រាបជូនថ្នាក់ ដឹកនាំមូលនិធិសកលអំពីជោគជ័យនៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា ដែលសម្រេចបាន៩២-១០០-៩៨ នៃគោលដៅ៩៥-៩៥-៩៥ ក្នុងឆ្នាំ២០២៤។ ជាការឆ្លើយតប លោក Mark Edington បានអបអរសាទរចំពោះលទ្ធផលនេះ ហើយបានលើកឡើងថាមានប្រទេសមិនច្រើនទេដែលសម្រេចលទ្ធផល១០០នៃគោលដៅ នោះគឺដោយសារតែមគ្គុទ្ទេសភាពរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី។ លោកបានបន្តថា មូលនិធិសកលក៏កំពុងមានក្តីកង្វល់អំពីកង្វះថវិកា ដោយសារការដកខ្លួនរបស់សហរដ្ឋអាម៉េរិក របស់រដ្ឋការលោកដូណាល់ ត្រាំ។ ចំពោះកម្ពុជា មូលនិធិសកលនឹងកាត់បន្ថយថវិកាក្នុងរង្វង់៩% ទៅ១១% នៃជំនួយទាំងមូល។ លិខិតផ្លូវការនឹងបញ្ជូនទៅនៅសប្តាហ៍ក្រោយ។
ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានជម្រាបជូនអំពីគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣- ២០២ៈផងដែរ។ ក្នុងនោះ ក្រសួង ស្ថាប័ន និងរាជធានី ខេត្ត រៀបចំឱ្យដំណើរការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ តាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិចូលរួមបង្ការទប់ស្កាត់ការឆ្លងរាលដាលមេរោគអេដស៍។ ទន្ទឹមនឹងនេះ កម្ពុជាក៏កំពុងបន្តជំរុញ កិច្ចការគាំពារសង្គមដោយផ្តល់អត្តសញ្ញាណកម្មក្រីក្រដល់អ្នកផ្ទុកមេរោគអេដស៍ និងបណ្ណមូលនិធិសមធម៌សុខាភិបាលដល់ ប្រជាជនគន្លឹះ ហើយមន្រ្តីជាប់កិច្ចសន្យាក៏នឹងត្រូវជ្រើសរើស នៅតាមឃុំ សង្កាត់ ដើម្បីធ្វើការងារអេដស៍និងសង្គមផងដែរ។ កម្ពុជាត្រូវការនូវការប៉ាន់ប្រមាណអំពីការចំណាយរបស់អង្គការសង្គមស៊ីវិល ដែលបានទទួលការគាំទ្រពីអង្គការយូអិនអេដស៍។ ក៏ប៉ុន្តែ បច្ចុប្បន្ននេះអង្គការយូអិនអេដស៍កំពុងជួបបញ្ហាវិបត្តិថវិកា។ មុននឹងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្នើថា នៅជុំ ជំនួយលើកក្រោយ សូមមូលនិធិសកលផ្តោតការយកចិត្តទុកដាក់ លើស្ថាប័នជាងលើកម្មវិធី។

