ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ បាន​ជួប​ពិភាក្សា​ការងារ​អំពី​ស្ថានភាព​នៃ​ការ​គាំទ្រ​ថវិកា​របស់​មូលនិធិ​សកល​ជាមួយ​លោក​ Mark​ Edington​ នាយក​ខាង​ផ្តល់​ហិរញ្ញប្បទាន​នៃ​មូលនិធិ​សកល​(Head​ of​ Grant​ Management)​ និង​លោក​ Urban​ Weber​ នាយ​ផ្នែក​ផល​ប៉ះពាល់​កម្រិត​ខ្ពស់​នៅ​អាស៊ី​(Head​ of​ Department​ -​ High​ Impact​ Asia)​ នៅ​ទី​ស្នាក់ការ​មូលនិធិ​សកល

by Admin-Kanel | July 8, 2025 7:24 pm

នៅ​រសៀល​ថ្ងៃ​ទី​២៦​ ខែ​មិថុនា​ ឆ្នាំ​២០២៥​ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ បាន​ជួប​ពិភាក្សា​ការងារ​អំពី​ស្ថានភាព​នៃ​ការ​គាំទ្រ​ថវិកា​របស់​មូលនិធិ​សកល​ជាមួយ​លោក​ Mark​ Edington​ នាយក​ខាង​ផ្តល់​ហិរញ្ញប្បទាន​នៃ​មូលនិធិ​សកល ​(Head​ of​ Grant​ Management)​ និង​លោក​ Urban​ Weber​ នាយ​ផ្នែក​ផល​ប៉ះពាល់​កម្រិត​ខ្ពស់​នៅ​អាស៊ី ​(Head​ of​ Department​ -​ High​ Impact​ Asia)​ នៅ​ទី​ស្នាក់ការ​មូលនិធិ​សកល។​ ចូល​រួម​ក្នុង​ ជំនួប​នេះ​រួម​មាន​ឯកឧត្តម​ អ៊ិន​ តារា​ ឯកអគ្គរាជទូត​ តំណាង​ អចិន្រ្តៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​ និង​អង្គការ​អន្តរជាតិ​ នៅ​ហ្សឺណែវ​ ប្រទេស​ស្វ៊ីស​ លោកស្រី​ Gloria​ Pesarin​ បុគ្គលិក​ជាន់ខ្ពស់​កម្មវិធី​ ផ្នែក​ផល​ប៉ះពាល់​កម្រិត​ខ្ពស់​ នៅ​អាស៊ី​ (Senior​ Program​ Officer,​ High​ Impact​ Asia​ Department)​ និង​ឯកឧត្តម​ ស៊ន​ ពិសិដ្ឋ​ នាយក​ខុទ្ទកាល័យ​ និង​ជា​អនុ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍។

បន្ទាប់​ពី​ស្វាគមន៍​ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បាន​ជម្រាប​ជូន​ថ្នាក់​ ដឹកនាំ​មូលនិធិ​សកល​អំពី​ជោគជ័យ​នៃ​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍​និង​ជំងឺ​អេដស៍​នៅ​កម្ពុជា​ ដែល​សម្រេច​បាន​៩២-១០០-៩៨​ នៃ​គោលដៅ​៩៥-៩៥-៩៥​ ក្នុង​ឆ្នាំ​២០២៤។​ ជា​ការ​ឆ្លើយតប​ លោក​ Mark​ Edington​ បាន​អបអរ​សាទរ​ចំពោះ​លទ្ធផល​នេះ​ ហើយ​បាន​លើក​ឡើង​ថា​មាន​ប្រទេស​មិន​ច្រើន​ទេ​ដែល​សម្រេច​លទ្ធផល​១០០​នៃ​គោលដៅ​ នោះ​គឺ​ដោយ​សារតែ​មគ្គុទ្ទេសភាព​របស់​ ឯកឧត្តម​ទេសរដ្ឋមន្រ្តី។​ លោក​បាន​បន្ត​ថា​ មូលនិធិ​សកល​ក៏​កំពុង​មាន​ក្តី​កង្វល់​អំពី​កង្វះ​ថវិកា​ ដោយ​សារ​ការ​ដក​ខ្លួន​របស់​សហរដ្ឋ​អាម៉េរិក​ របស់​រដ្ឋការ​លោក​ដូណាល់​ ត្រាំ។​ ចំពោះ​កម្ពុជា​ មូលនិធិ​សកល​នឹង​កាត់​បន្ថយ​ថវិកា​ក្នុង​រង្វង់​៩%​ ទៅ​១១%​ នៃ​ជំនួយ​ទាំងមូល។​ លិខិត​ផ្លូវការ​នឹង​បញ្ជូន​ទៅ​នៅ​សប្តាហ៍​ក្រោយ។

ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ក៏​បាន​ជម្រាប​ជូន​អំពី​គោល​នយោបាយ​ជាតិ​បញ្ចប់​អេដស៍​ និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ​២០២៣-​ ២០២ៈ​ផង​ដែរ។​ ក្នុង​នោះ​ ក្រសួង​ ស្ថាប័ន​ និង​រាជធានី​ ខេត្ត​ រៀបចំ​ឱ្យ​ដំណើរការ​គណៈ​កម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ តាំង​ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​ក្រោម​ជាតិ​ចូល​រួម​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​មេរោគ​អេដស៍។​ ទន្ទឹម​នឹង​នេះ​ កម្ពុជា​ក៏​កំពុង​បន្ត​ជំរុញ​ កិច្ច​ការ​គាំពារ​សង្គម​ដោយ​ផ្តល់​អត្តសញ្ញាណ​កម្ម​ក្រី​ក្រ​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍​ និង​បណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល​ដល់​ ប្រជាជន​គន្លឹះ​ ហើយ​មន្រ្តី​ជាប់​កិច្ច​សន្យា​ក៏​នឹង​ត្រូវ​ជ្រើស​រើស​ នៅ​តាម​ឃុំ​ សង្កាត់​ ដើម្បី​ធ្វើ​ការងារ​អេដស៍​និង​សង្គម​ផង​ដែរ។​ កម្ពុជា​ត្រូវការ​នូវ​ការ​ប៉ាន់​ប្រមាណ​អំពី​ការ​ចំណាយ​របស់​អង្គការ​សង្គម​ស៊ីវិល​ ដែល​បាន​ទទួល​ការ​គាំទ្រ​ពី​អង្គការ​យូអិន​អេដស៍។​ ក៏​ប៉ុន្តែ​ បច្ចុប្បន្ន​នេះ​អង្គការ​យូអិន​អេដស៍​កំពុង​ជួប​បញ្ហា​វិបត្តិ​ថវិកា។​ មុន​នឹង​បញ្ចប់​ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បាន​ស្នើ​ថា​ នៅ​ជុំ​ ជំនួយ​លើក​ក្រោយ​ សូម​មូលនិធិ​សកល​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ លើ​ស្ថាប័ន​ជាង​លើ​កម្មវិធី។

Source URL: https://iengmouly.net/km/2025/07/08/%e1%9e%af%e1%9e%80%e1%9e%a7%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%98%e1%9e%91%e1%9f%81%e1%9e%9f%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%98%e1%9e%93%e1%9f%92%e1%9e%9a%e1%9f%92%e1%9e%8f%e1%9e%b8-3/