ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ អៀង​ មូលី​ ប្រធាន​អាជ្ញាធរ​​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ បើក​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​លើ​របាយការណ៍​វឌ្ឍនភាព​នៃ​ការ​ឆ្លើយ​តប​នឹង​មេរោគ​អេដស៍​និង​ជំងឺ​អេដស៍​ឆ្នាំ​២០២៤

ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ អៀង​ មូលី​ ប្រធាន​អាជ្ញាធរ​​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ បើក​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​លើ​របាយការណ៍​វឌ្ឍនភាព​នៃ​ការ​ឆ្លើយ​តប​នឹង​មេរោគ​អេដស៍​និង​ជំងឺ​អេដស៍​ឆ្នាំ​២០២៤

នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ៧​កើត​ ខែ​ស្រាពណ៍​ ឆ្នាំ​ម្សាញ់​ សប្តស័ក​ ព.ស.​២៥៦៩​ ត្រូវ​នឹង​ថ្ងៃ​ទី​១​ ខែ​សីហា​ ឆ្នាំ​២០២៥​ ចាប់​ពី​ម៉ោង​៨៖៣០​ព្រឹក​ នៅ​សាល​ប្រជុំ​ ខ​ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ អៀង​ មូលី​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើក​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​លើ​របាយការណ៍​វឌ្ឍនភាព​នៃ​ការ​ឆ្លើយ​តប​នឹង​មេរោគ​អេដស៍​និង​ជំងឺ​អេដស៍​ឆ្នាំ​២០២៤​។​
កិច្ច​ប្រជុំ​នេះ​ឡើង​ដើម្បី​តាមដាន​ការ​អនុវត្ត​គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍​ និង​ចីរភាព​ កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ​២០២៣​-​២០២៨​ ដោយ​ធ្វើ​ការ​ពិភាក្សា​ពិគ្រោះ​យោបល់​រួម​លើ​សេចក្តី​ព្រាង​របាយការណ៍​ កែលម្អ​ ឬ​កែ​សម្រួល​ចំណុច​ខ្វះខាត​ មុន​នឹង​ដាក់​ជូន​ជា​ផ្លូវការ​ទៅ​រាជរដ្ឋាភិបាល​។​ អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​រួម​មាន​៖​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោក​ស្រី​ ជា​ ប្រធាន​ អនុ​ប្រធាន​ សមាជិក​ និង​អ្នក​តំណាង​ក្រុម​ការងារ​អន្តរ​ក្រសួង​ តាមដាន​ការ​អនុវត្ត​គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍​ និង​ ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ​២០២៣​-​ ២០២៨​ មក​ពី​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ ព្រម​ទាំង​ ថ្នាក់​ដឹកនាំ​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍។

មាន​ប្រសាសន៍​បើក​កិច្ច​ប្រជុំ​ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ បាន​ថ្លែង​ថា​ ចាប់​ពី​ថ្ងៃ​ទី​១៥​ ខែ​មីនា​ ឆ្នាំ​២០២៤​ បន្ទាប់ពី​គណៈ​រដ្ឋមន្រ្តី​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍​ និង​ចីរភាព​ កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ​២០២៣​-​២០២៨​ រហូត​ មក​ដល់​ពេល​នេះ​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ បាន​ដឹកនាំ​ សម្រប​សម្រួល​ការ​អនុវត្ត​ ដោយ​មាន​ការ​ ចូល​រួម​ពី​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទាំង​នៅ​ថ្នាក់​ជាតិ​ ថ្នាក់​ក្រោម​ជាតិ​ អង្គការ​ដៃគូ​ជាតិ​ អន្តរជាតិ​ អង្គការ​សង្គម​ស៊ីវិល​ និង​តំណាង​អ្នក​ផ្ទុក​មេរោគ​អេដស៍​ តំណាង​ប្រជាជន​គន្លឹះ​ ក្នុង​ការ​ឆ្លើយ​តប​ជា​ពហុ​វិស័យ​ ចំពោះ​ការ​រីក​រាល​ដាល​នៃ​មេរោគ​អេដស៍​និង​ជំងឺ​អេដស៍​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា​។​ នៅ​ឆ្នាំ​២០២៤​ កម្ពុជា​បាន​សម្រេច​គោលដៅ​សកល​ចំនួន​២​ ជាមួយ​នឹង​លទ្ធផល​៩២​-​១០០​-​៩៨​ ក្នុង​ចំណោម​គោលដៅ​សកល​ទាំង​បី​៩៥​-​៩៥​-​៩៥​ និង​បាន​កាត់​បន្ថយ​អត្រា​ឆ្លង​មេរោគ​អេដស៍​ថ្មី​ជា​បន្ត​បន្ទាប់។

ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បាន​គូស​បញ្ជាក់​ថា​ ក្នុង​របាយការណ៍​ជូន​គណៈ​រដ្ឋមន្រ្តី​ ត្រូវ​បាន​រៀប​ចំ​ តាម​វិធីសាស្រ្ត​ដែល​មាន​កំណត់​សូចនាករ​ទាក់ទង​នឹង​ការងារ​ដូច​ខាង​ក្រោម៖

  1. ១- ការ​បង្កើត​គណៈ​កម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ គ្រប់​ក្រសួង​ ស្ថាប័ន​ រាជធានី​ ខេត្ត​ ស្រុក​ ខណ្ឌ​ ឃុំ​ សង្កាត់។
  2. ២- គណៈ​កម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​រៀប​ចំ​ ផែនការ​សកម្មភាព​ បញ្រ្ជាប​ការ​យល់​ដឹង​អំពី​អេដស៍​ និង​ការ​មិន​រើសអើង​អ្នក​ផ្ទុក​មេរោគ​អេដស៍​ ព្រម​ទាំង​ លើក​សំណើ​សុំ​ថវិកា​ជូន​ក្រសួង​សេដ្ឋកិច្ច​និង​ ហិរញ្ញវត្ថុ។
  3. ៣ ការ​បញ្ចូល​តំណាង​អ្នក​ផ្ទុក​មេរោគ​អេដស៍​ ប្រជាជន​គន្លឹះ​ និង​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ឬ​សង្គម​ស៊ីវិល​ចូល​រួម​ក្នុង​គណៈ​កម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​គ្រប់​លំដាប់​ថ្នាក់។
  4. ៤- ការ​កំណត់​ឱ្យ​ប្រជាជន​គន្លឹះ​ទទួល​សេវា​ប្រឹព​ (PrEP)។
  5. ៥- ការ​ផ្តល់​បណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល​(បណ្ណ​ មសស)​ ឱ្យ​អ្នក​ផ្ទុក​មេរោគ​អេដស៍​និង​ប្រជាជន​គន្លឹះ។
  6. ៦- ការ​ប្រើប្រាស់​ថវិកា​ជាតិ​ឱ្យ​មាន​ប្រសិទ្ធភាព។
  7. ៧- ធ្វើ​សមាហរណកម្ម​សេវា​បង្ការ​ការពារ​ និង​ ព្យាបាល​ថែទាំ​នៃ​វិស័យ​ឯកជន​ក្នុង​ប្រព័ន្ធ​សុខាភិបាល​ជាតិ។

មុន​នឹង​បញ្ចប់​ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បាន​បង្ហាញ​នូវ​ក្តី​ សង្ឃឹម​ជឿជាក់​ថា​ របាយការណ៍​វឌ្ឍនភាព​នៃ​ការ​ឆ្លើយ​ តប​នឹង​មេរោគ​អេដស៍​និង​ជំងឺ​អេដស៍​ឆ្នាំ​២០២៤​មួយ​ ដែល​មាន​លក្ខណៈ​ពេញលេញ​ និង​គ្រប់​ជ្រុង​ជ្រោយ​ នឹង​ត្រូវ​រៀប​ចំ​ឡើង​ ដើម្បី​ដាក់​ជូន​គណៈ​រដ្ឋមន្រ្តី​ ក្នុង​ខែ​សីហា​ ឆ្នាំ​២០២៥​នេះ។