by Admin-Kanel | October 6, 2025 4:33 pm
នៅរសៀលថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ចាប់ពីម៉ោង៣:០០ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានរៀបចំពិធីជួបសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹជំងឺអេដស៍។ អញ្ជើចូលរួមក្នុងពិធីនេះមាន ឯកឧត្តម សត្យា វុធ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាអនុប្រធាន អគ្គលេខាធិការ និងអគ្គលេខាធិការរង នៃអ.ជ.ប.ជ.អ លោកអភិបាលស្រុកបរសេដ្ឋ លោកប្រធាននិង ថ្នាក់ដឹកនាំការិយាល័យអប់រំស្រុកបរសេដ្ឋ សមាជិកក្រុមការងារចុះមូលដ្ឋានស្រុកបរសេដ្ឋ ព្រមទាំងនិស្សិតដែលទទួលបានអាហារូបករណ៍មកពីស្រុកបរសេដ្ឋ។
បន្ទាប់ពីប្រកាសហេតុ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានមតិចំណាប់អារម្មណ៍ដោយបានណែនាំនិងផ្តាំផ្ញើនិស្សិតអាហារូករណ៍ទាំងអស់ខិតខំរៀនសូត្រ ដើម្បីអនាគតភ្លឺស្វាង លើកស្ទួយគ្រួសារ និងសង្គមជាតិ។ មានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តមទេសរដ្ឋមន្រ្តីបានណែនាំនិងបានផ្តាំផ្ញើនិស្សិតអាហារូបករណ៍ថា និស្សិតទាំងអស់មានសំណាងដោយសារកម្ពុជាយើងមានសុខសន្តិភាព។ ដូច្នេះនិស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រឱ្យមានចំណេះដឹង ដើម្បីអនាគតរីកចម្រើនភ្លឺស្វាងជាងជំនាន់ឪពុកម្តាយ។ ទន្ទឹមនឹងនេះ និស្សិតត្រូវធ្វើជាទូតតំណាងស្រុកបរសេដ្ឋ ឱ្យគេស្គាល់ស្រុកបរសេដ្ឋ ព្រមទាំងចងជាចង្កោមជួយគ្នាក្នុងការរៀនសូត្រផងដែរ។
នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានផ្តាំថា លើសពីការខំរៀនសូត្រឱ្យចប់ការសិក្សាបានសញ្ញាបត្របរិញ្ញាបត្រ ត្រូវរកការងារធ្វើ ហើយបន្តការសិក្សាទៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្នុង ឬក្រៅប្រទេស ដើម្បីជួយខ្លួនឯង គ្រួសារ និងប្រទេសជាតិ ហើយសូមដើរតាមគន្លងការណែនាំរបស់អ្នកជំនាន់មុន។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីព្រមទាំងគណៈអធិបតីបានថតរូប និងផ្តល់វត្ថុអនុស្សាវរីយ៍ដល់និស្សិតអាហារូបករណ៍ផងដែរ។
Source URL: https://iengmouly.net/km/2025/10/06/%e1%9e%af%e1%9e%80%e1%9e%a7%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%98%e1%9e%91%e1%9f%81%e1%9e%9f%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%98%e1%9e%93%e1%9f%92%e1%9e%9a%e1%9f%92%e1%9e%8f%e1%9e%b8-7/
Copyright ©2025 unless otherwise noted.