ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ អៀង​ មូលី​ អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ច​ប្រជុំ​ តាមដាន​ការ​អនុវត្ត​គោលនយោបាយ​ជាតិ​អេដស៍​និង​ចីរភាព​កម្មវិធី​ អេដស៍​សម្រាប់​ឆ្នាំ​២០២៣​-​២០២៨

by Admin-Kanel | October 20, 2025 4:17 pm

នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ៧​រោច​ ខែ​អស្សុជ​ ឆ្នាំ​ម្សាញ់​ សប្តស័ក​ ព.ស.​២៨៦៩​ ត្រូវ​នឹង​ថ្ងៃ​ទី​១៤​ ខែ​តុលា​ ឆ្នាំ​២០២៥​ នៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​ អេដស៍​ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ អៀង​ មូលី​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ ជំងឺ​អេដស៍​បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ច​ប្រជុំ​ស្តី​ពី​ការ​តាមដាន​ការ​អនុវត្ត​គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍​ និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ​ ២០២៣​-​២០២៨​។​ អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​រួម​មាន​ ឯកឧត្តម​ លោក​ជំទាវ​ ជា​ប្រធាន​ អនុ​ប្រធាន​ ព្រម​ទាំង​សមាជិក​ក្រុម​ការងារ​តាមដាន​ ការ​អនុវត្ត​គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍​ និង​ចីរភាព​កម្មវិធី​អេដស៍​ សម្រាប់​ឆ្នាំ​២០២៣​-​២០២៨​ និង​ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោក​ស្រី​ ជា​ប្រធាន​ អនុ​ប្រធាន​ ព្រម​ទាំង​សមាជិក​ក្រុម​ប្រឹក្សា​បច្ចេកទេស​ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​។​

នេះ​ជា​កិច្ច​ប្រជុំ​លើក​ទី​១​ដែល​ក្រុម​ការងារ​អន្តរ​ក្រសួង​តាមដាន​ការ​អនុវត្ត​គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍​ និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ ឆ្នាំ​២០២៣​-​២០២៨​ និង​ក្រុម​ប្រឹក្សា​បច្ចេកទេស​ បាន​ចូល​រួម​ប្រជុំ​រួម​គ្នា​។​ កិច្ច​ប្រជុំ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​ពិនិត្យ​មើល​វឌ្ឍនភាព​ និង​បញ្ហា​ប្រឈម​ នានា​ដែល​កើត​មាន​ឡើង​ក្នុង​ពេល​អនុវត្ត​គោលនយោបាយ​ និង​លើក​ជា​ ដំណោះស្រាយ​សម្រាប់​គណៈ​កម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ក្រសួង​ ស្ថាប័ន​ រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ និង​ឃុំ​ សង្កាត់​ យក​ទៅ​អនុវត្ត​បន្ត​។

មាន​ប្រសាសន៍​បើក​កិច្ច​ប្រជុំ​ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា​ ក្នុង​ គោលបំណង​ជំរុញ​ការ​តាមដាន​ និង​វាយតម្លៃ​ការ​អនុវត្ត​គោលនយោបាយ​ ជាតិ​បញ្ចប់​អេដស៍​ និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ​២០២៣​-​២០២៨​ ឱ្យ​បាន​ជោគជ័យ​ ក្រុម​ការងារ​អន្តរ​ក្រសួង​តាមដាន​ការ​អនុវត្ត​គោល​ នយោបាយ​ជាតិ​បញ្ចប់​អេដស៍​ និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ​ ២០២៣​-​២០២៨​ បាន​ឯកភាព​គ្នា​ថា​រៀប​ចំ​កិច្ច​ប្រជុំ​រួម​ជាមួយ​ ក្រុម​ប្រឹក្សា​បច្ចេកទេស​ ឱ្យ​បាន​១​ដង​ក្នុង​មួយ​ត្រី​មាស​។​ ទន្ទឹម​នឹង​នេះ​ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បាន​បន្ត​ថា​ របាយការណ៍​ស្តី​ពី​វឌ្ឍនភាព​នៃ​ការ​ឆ្លើយ​ តប​នឹង​មេរោគ​អេដស៍​និង​ជំងឺ​អេដស៍​ឆ្នាំ​២០២៤​ ដាក់​ជូន​រាជរដ្ឋាភិបាល​ រួច​រាល់​ ដោយ​បាន​ឆ្លង​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់​ និង​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ សង្គម​កិច្ច​ និង​វប្បធម៌​ នៅ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​រួច​ហើយ​។

ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បាន​បន្ថែម​ថា​ ក្នុង​ឆ្នាំ​២០២៤​ តាម​រយៈ​ កិច្ច​ប្រឹងប្រែង​រួម​គ្នា​ ជា​លទ្ធផល​នៃ​ការ​អនុវត្ត​គោលនយោបាយ​ លើ​គោលដៅ​៩៥​-​៩៥​-​៩៥​ កម្ពុជា​សម្រេច​បាន​៩២​-​១០០​-​៩៨​។​ ជា​រួម​ ក្រសួង​ ស្ថាប័ន​ រាជធានី​ ខេត្ត​ បាន​បង្កើត​និង​ធ្វើ​ឱ្យ​ដំណើរការ​ គណៈ​កម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ថ្នាក់​ក្រសួង​ ស្ថាប័ន​ និង​ ថ្នាក់​រាជធានី​ ខេត្ត​ទាំងស្រុង​។​ ដោយ​ឡែក​ ស្រុក​ ខណ្ឌ​ ឃុំ​ សង្កាត់​ មួយ​ចំនួន​មិន​ទាន់​បាន​បង្កើត​ ឬ​ដំណើរការ​ទាំងស្រុង​នៅ​ឡើយ​។​ ក្រសួង​ ស្ថាប័ន​ រាជធានី​ ខេត្ត​ ក៏​បាន​ខិតខំ​ធ្វើ​ការ​បញ្រ្ជាប​ការ​យល់​ដឹង​អំពី​មេរោគ​ អេដស៍​ និង​អំពី​ការ​រើសអើង​អ្នក​ផ្ទុក​មេរោគ​អេដស៍​ផង​ដែរ​។​ ទន្ទឹម​នឹង​នេះ​ ក្រសួង​ ស្ថាប័ន​ រាជធានី​ ខេត្ត​ ស្ទើរ​តែ​ទាំងអស់​មិន​ទាន់​ដាក់​បញ្ចូល​តំណាង​ អ្នក​ផ្ទុក​មេរោគ​អេដស៍​ ប្រជាជន​គន្លឹះ​ និង​សង្គម​ស៊ីវិល​ក្នុង​គណៈ​កម្មាធិការ​ ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​របស់​ខ្លួន​នៅ​ឡើយ​។

មុន​នឹង​ប្រកាស​បើក​កិច្ច​ប្រជុំ​ ឯកឧត្តម​ទេសេដ្ឋមន្រ្តី​បាន​គូស​បញ្ជាក់​ថា​ កម្ពុជា​បាន​បង្កើន​ទីតាំង​ធ្វើ​តេស្ត​ និង​ទីតាំង​ធ្វើ​តេស្ត​បញ្ជាក់​មេរោគ​អេដស៍​ មួយ​ចំនួន​គួរ​ឱ្យ​កត់សម្គាល់​។​ ទន្ទឹម​នឹង​នេះ​ ការ​ផ្តល់​សេវា​ប្រឹព​ ក៏​មាន​ កំណើន​ ក៏​ប៉ុន្តែ​មិន​ទាន់​ដល់​គោលដៅ​ដែល​បាន​កំណត់​នៅ​ឡើយ​។​ ចំណុច​ល្អ​សម្រាប់​កម្ពុជា​គឺ​ ការ​ដាក់​ឱ្យ​ប្រើប្រាស់​ឱសថ​ កាបូតេក្រាវៀ​ ប្រភេទ​ចាក់​ដែល​ចាក់​១​ដង​មាន​ប្រសិទ្ធភាព​២​ខែ​(CAB​-​PrEP​:​ ជា​វិធី​បង្ការ​មុន​ពេល​ប្រព្រឹត្ត​ប្រឈម​)។​ ការ​គ្រប​ដណ្តប់​របប​ថែទាំ​សុខភាព​ តាម​ប្រព័ន្ធ​មូលនិធិ​សមធម៌​សុខាភិបាល​ ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍​ បាន​កើន​ឡើង​ដល់​៧១​%​។

Source URL: https://iengmouly.net/km/2025/10/20/%e1%9e%af%e1%9e%80%e1%9e%a7%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%98%e1%9e%91%e1%9f%81%e1%9e%9f%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%98%e1%9e%93%e1%9f%92%e1%9e%9a%e1%9f%92%e1%9e%8f%e1%9e%b8-9/