ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ អៀង​មូលី អញ្ជើញ​ជាអធិបតី​ ដឹកនាំ​ពិធីជួប​សំណេះ​សំណាល​ជាមួយ​គណៈកម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ក្រសួង​សុខាភិបាល​ដែលបាន​កែសម្រួល​សមាសភាព​ថ្មី

ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ អៀង​មូលី អញ្ជើញ​ជាអធិបតី​ ដឹកនាំ​ពិធីជួប​សំណេះ​សំណាល​ជាមួយ​គណៈកម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ក្រសួង​សុខាភិបាល​ដែលបាន​កែសម្រួល​សមាសភាព​ថ្មី

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១២​រោច ខែ​កត្ដិក ឆ្នាំ​ម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ចាប់​ពី​ម៉ោង​៩ នៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ដឹកនាំ ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ក្រសួង​សុខាភិបាល ដែល​បាន​កែសម្រួល​សមាសភាព​ថ្មី។ ពិធី​នេះ​រៀបចំ​ឡើង​ដើម្បី​ស្វាគមន៍​លោកជំទាវ យក់ សម្បត្តិ ប្រធាន និង​សមាជិក​ដែល​ទើប​កែសម្រួល​សមាសភាព​ថ្មី ព្រម​ទាំង​ពិនិត្យ​មើល​វឌ្ឍនភាព​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​បញ្ចប់​អេដស៍ និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ​២០២៣-២០២៨ ក្នុង​វិស័យ​សុខាភិបាល ដើម្បី​ឈាន​ទៅ​បញ្ចប់​អេដស៍​ដែល​ជា​ការ​គំរាម​កំហែង​ដល់​សុខភាព​សាធារណៈ។

មាន​ប្រសាសន៍​បើក​កិច្ចប្រជុំ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បាន​ស្វាគមន៍​ប្រតិភូ​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ អេដស៍​ក្រសួង​សុខាភិបាល ដែល​ដឹកនាំ​ដោយ​លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​និង​ជា​ប្រធាន គណៈកម្មាធិការ និង​ថ្លែង​អំណរគុណ​ក្រសួង​សុខាភិបាល ដែល​បាន​ខិតខំ​ប្រឹងប្រែង​ឆ្លើយតប​នឹង​មេរោគ​អេដស៍​និង​ជំងឺ​អេដស៍ ធ្វើ​ឱ្យ​សម្រេច​ជោគជ័យ។ ក្នុង​នោះ គោលដៅ​៩៥-៩៥-៩៥ កម្ពុជា​សម្រេច​បាន ៩២-១០០-៩៨។ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បាន​សង្កត់​ធ្ងន់​ថា កម្ពុជា​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍​និង​ជំងឺ​អេដស៍ គឺ​ជា​ស្នាដៃ​របស់​ក្រសួង​សុខាភិបាល។ ទន្ទឹម​នឹង​នេះ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បាន​បន្ថែម​ថា ក្រៅ​ពី​ស្វាគមន៍​លោកជំទាវ​ប្រធាន និង​សមាជិក ជំនួប​នៅ​ថ្ងៃ​នេះ​គឺ​ចង់​ពិនិត្យ​មើល​ទាំង​អស់​គ្នា​ពី​ចំណុច​ដែល​អាច​កើត​មាន និង​ធ្វើ​ការ​ឆ្លើយតប។ ក្នុង​នោះ​រួម​មាន៖ បញ្ហា​ហិរញ្ញវត្ថុ បញ្ហា​ជំនួយ​ពី​ដៃគូ​អភិវឌ្ឍ​និង​អន្តរជាតិ គម្រោង​បញ្ចប់​អង្គការ​យូអិនអេដស៍​នៅ​ចុង​ឆ្នាំ​២០២៦(បញ្ហា​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​យុទ្ធសាស្រ្ត) និង​ការ​គិត​គូរ​អំពី​យុទ្ធសាស្រ្ត​ចាក​ចេញ(Exit Strategy)របស់​ដៃគូ​អភិវឌ្ឍ។ បន្ថែម​លើ​នេះ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ស្នើ​ក្រសួង​សុខាភិបាល​ពង្រឹង​ការ​ប្រមូល​ទិន្នន័យ​ពី​ផ្នែក​ឯកជន​ដើម្បី​ជំរុញ​គោលដៅ​៩៥​ទី១ និង​ការ​បន្ថយ​តអត្រា​ចម្លង​មេរោគ​អេដស៍​ពី​មាតា​ទៅ​ទារក​ឱ្យ​ធ្លាក់​ចុះ​ទាប​បន្ថែម​ទៀត។

បន្ទាប់​មក ជា​ការ​ឆ្លើយតប​និង​ចំណាប់​អារម្មណ៍ លោកជំទាវ យក សម្បត្តិ បាន​ថ្លែង​ថា យើង​នៅ​តែ​ព្រួយ​បារម្ភ​ចំពោះ​ករណី​ឆ្លង​ថ្មី ដែល​នៅ​មិន​ទាន់​ឃើញ​ថា​ថម​ថយ។ ទន្ទឹម​នឹង​នេះ លោកជំទាវ​ឯកភាព​ប្រសាសន៍​ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ថា​ខាង​ហិរញ្ញវត្ថុ​ក៏​មាន​ភាព​មិន​នឹង​នរ។ នៅ​ក្រសួង​សុខាភិបាល ដែល​មាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើស្បែក និង​កាមរោគ​បាន​ខិតខំ​កៀរគរ​ធនធាន គាំទ្រ​យ៉ាង​ទៀងទាត់​ពី​ថវិកា​ជាតិ ប្រមាណ​៦​លាន​ដុល្លារ​ក្នុង​ការ​ទិញ​ឱសថ និង​បរិក្ខារ។ នៅ​ដើម​ឆ្នាំ ២០២៥​នេះ ថវិកា​ជំនួយ​ពី​មូលនិធិ​សកល បាន​ផ្អាក​សកម្មភាព​មួយ​រយៈ ហើយ​បន្ត​ឡើង​វិញ។ ប៉ុន្តែ យើង​សង្ឃឹម​ថា នៅ​ជុំ​ទី៨ មូលនិធិ​សកល​នៅ​តែ​បន្ត​គាំទ្រ​ជំងឺ​អេដស៍ និង​របេង។ ចំណែក​ឯ​ការ​ឆ្លង​ពី​ម្តាយ​ទៅ​កូន ក្រសួង​ខិតខំ​ប្រឹងប្រែង ដែល​ក្នុង​នោះ​អត្រា​ឆ្លង​បាន​ថយ​ពី​១៥% មក​៦,៨% ហើយ​ក៏​នឹង​បន្ត​ប្រឹងប្រែង​ឱ្យ​ការ​ឆ្លង​មាន​សន្ទុះ​ថយ​ចុះ​បន្ថែម​ទៀត។

នៅ​ក្នុង​បទ​បង្ហាញ ស្តី​ពី​ការ​ត្រៀម​យន្តការ​ដឹកនាំ​ធានា​ភាព​ជា​ម្ចាស់​លើ​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ ដោយ​ប្រើ​ធនធាន​ក្នុង​ស្រុក​និង​ដៃគូ​អភិវឌ្ឍ ក្រោយ​ឆ្នាំ​២០២៦ ឯកឧត្តម ទា ផលា​ បាន​បញ្ជាក់​ថា តាម​របាយការណ៍​អង្គការ​សហប្រជាជាតិ ប្រទេស​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទី១០ គឺ​មាន​ស្នាដៃ​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍។ បន្ទាប់​មក មាន​ការ​ចូល​រួម​មតិ​និង​ពិភាក្សា​ពី និន្នាការ​នៃ​ការ​ឆ្លង​ថ្មី ថវិកា​ជំនួយ​ពី​ខាង​ក្រៅ ការ​ពិនិត្យ​ឡើង​វិញ​លើ​ការ​ត្រៀម​ខ្លួន​ក្នុង​ដំណាក់កាល​អន្តរកាល ការ​ពិនិត្យ​ឡើង​វិញ​នូវ​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​ចីរភាព​កម្មវិធី​អេដស៍ និង​ការ​គិត​គូរ​អំពី​យុទ្ធសាស្រ្ត​ចាក​ចេញ (Exit Strategy) របស់​ដៃគូ​អភិវឌ្ឍ ពី​សមាជិក សមាជិកា​ដែល​រួម​មាន ឯកឧត្តម ម៉ៅ តាន់អ៊ាង, លោក​សាស្រ្តាចារ្យ​ជំនួយ អ៊ុក វិជ្ជា លោកស្រី ទេព សំណាង លោកស្រី គឹម រ័ត្ននា ឯកឧត្តម មាន ឈីវុន និង​ឯកឧត្តម ឈឹម ឃិន ដារ៉េត​ ផង​ដែរ។

មាន​ប្រសាសន៍​បិទ​កិច្ចប្រជុំ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បាន​ថ្លែង​អរគុណ​លោកជំទាវ​ប្រធាន និង​គណៈកម្មាធិការ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ចូល​រួម​ពិធី​នា​ពេល​នេះ ហើយ​គឺ​ជា​ពេល​វេលា​ល្អ​មុន​កិច្ចប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្រ្តី​លើ​របាយការណ៍​វឌ្ឍនភាព​ស្តី​ពី​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍​និង​ជំងឺ​អេដស៍។ ទន្ទឹម​នឹង​នេះ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បាន​ណែនាំ​ជូន​ឯកឧត្តម ទា ផលា ធ្វើ​ការ​ជាមួយ​ក្រសួង​សុខាភិបាល ដោយ​មាន​ការ​ចូល​រួម​ពី ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​លើ ការ​ពិនិត្យ​ឡើង​វិញ​លើ​ការ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​នៅ​ក្នុង​ដំណាក់កាល​អន្តរកាល ការ​ពិនិត្យ​ឡើង​វិញ​នូវ​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​ចីរភាព​កម្មវិធី​អេដស៍ និង​ការ​គិត​គូរ​អំពី​យុទ្ធសាស្រ្ត​ចាក​ចេញ(Exit Strategy)របស់​ដៃគូ​អភិវឌ្ឍ។