ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ដឹកនាំ​សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥

ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ដឹកនាំ​សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៥រោច ខែកត្ដិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់ពី​ម៉ោង៨៖៣០ព្រឹក នៅ​សាល​ប្រជុំD ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី ឯកឧត្តម​ទេស​រដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដឹកនាំ​សន្និ​បាតអាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ឆ្នាំ២០២៥។

សន្និបាត​នេះ​ធ្វើឡើង​ដើម្បី​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ២០២៥ និង​លើក​ទិសដៅ​សកម្មភាព​សម្រាប់​ឆ្នាំ២០២៦ ក្នុង​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​របស់​យើង។ សមាជិក សមា​ជិ​កាដ​ែ​លអញ្ជើញ​ចូលរួម​មាន៖ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ក្រសួង ស្ថាប័ន រាជធានី ខេត្ត និង​ក្រុមការងារ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ក្រសួង ស្ថាប័ន ព្រមទាំង​ប្រធាន​លេខាធិការ​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​រាជធានី ខេត្ត អង្គការ​ជាតិ អន្តរជាតិ និង​អង្គការ​សង្គម​ស៊ីវិល សរុប​ចំនួន១៨០នាក់។

មានប្រសាសន៍​បើក​កិច្ចប្រជុំ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​ថ្លែង​ថា ក្នុងរយៈពេល​មួយឆ្នាំ​កន្លងទៅ​នេះ យើង​បាន​បំពេញភារកិច្ច​យ៉ាងសកម្ម​រួមគ្នា ដើម្បី​ឈាន​ទៅ​បញ្ចប់​ការ​ឆ្លង​រាលដាល​មេរោគ​អេដស៍​និង​ជំងឺអេដស៍ ក្នុង​ដំណាក់កាល​ដែល​ស្ថានភាព​ជំនួយបរទេស​មានការ​ធ្លាក់ចុះ។ ម្សិលមិញ យើង​បាន​ស្វែងយល់​លើ​អំពី​អាទិភាព​សម្រាប់​ប្រាំមួយ​ខែ​បន្ទាប់។ ហើយ​នៅ​ថ្ងៃនេះ យើង​កំណត់​ពី​របៀប​ដែល​យើង​បង្វែរ​ចំណុច​អាទិភាព​ទាំងនោះ​ឱ្យទៅ​ជាសកម្ម​ភាព។ គោលដៅ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​បញ្ចប់​ជំងឺអេដស៍​នៅ​ឆ្នាំ២០២៨ គឺ​ស្ថិត​ក្នុង​លក្ខខណ្ឌ​នៃ​ការ​ឈាន​ទៅ​សម្រេច​បាន​របស់​យើង។ ប៉ុន្តែ ម្ចាស់​ជំនួយ​កំពុង​កាត់បន្ថយ​ការ​គាំទ្រ​របស់​ខ្លួន ដែល​យើង​ត្រូវ​ប្រឈម​នឹង​ស្ថានភាព​មួយ​ដែល​ធនធាន​មានកំណត់ ពេលវេលា​ដែល​មាន​ខ្លី ហើយនឹង​គោលដៅ​មាន​មហិ​ច្ឆិ​តា​ខ្ពស់។ ក្នុង​ការផ្ទេរ​ដំណាក់កាល​នេះ យើង​ទាំងអស់គ្នា​ចាប់ផ្តើម​បំពេញ​តួនាទី​ក្នុង​ភាពជា​ម្ចាស់ រួម​ជាមួយនឹង​ការ​ពង្រឹង​ភាពជា​អ្នកដឹកនាំ ជាពិសេស​ការទទួលខុសត្រូវ​របស់​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ នៅ​តាម​ក្រសួង ស្ថាប័ន រាជធានី ខេត្ត ព្រមទាំង​អង្គការ​ដៃគូ សំដៅ​ពង្រីក​សក្តា​នុ​ពល​នៃ​បទ​អន្តរាគមន៍​នានា ព្រមទាំង​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ជំរុញ​លើកទឹកចិត្ត​អ្នក​សង្ស័យ​ថា​ផ្ទុកមេរោគ​អេដស៍​ឱ្យមក​ទទួល​សេវា​ធ្វើតេស្ត​រក​មេរោគ​អេដស៍ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​គោលដៅ៩៥ទី១។

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​បញ្ជាក់​បន្ថែម​ថា ចំណុច​ស្នូល​ចំនួន​បី​ដែល​ទាមទារ​ក្នុង​ភាពជា​អ្នកដឹកនាំ និង​ភាពជា​ម្ចាស់​គឺ៖ ១-គំរូ​ប្រតិបត្តិ​ការ​របស់​យើង ២-ការធានា​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​ដោយ​ការ​បង្កើន​ប្រសិទ្ធភាព​ធនធាន​ដែល​មានស្រាប់ និង៣-អភិបាលកិច្ច​ល្អ។ ការ​ដកថយ​របស់​ម្ចាស់​ជំនួយ​ពី​ខាងក្រៅ​មិនមែន​ជា​ការ​ថយក្រោយ​នោះ​ទេ តែ​គឺជា​លទ្ធផល​ផ្ទាល់​នៃ​ភាព​ជោគជ័យ​របស់​យើង ហើយ​នេះ​ជា​កត្តាចាំបាច់​ក្នុង​ការជំរុញ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ជ្រាលជ្រៅ។ ការទទួលខុសត្រូវ​ពេញលេញ​ក្នុង​ការ​ឆ្លើយតប​នឹង​ជំងឺអេដស៍​នឹង​ស្ថិតនៅ​ក្នុង​ដៃ​របស់​យើង។ នេះ​គឺជា​ពេលវេលា​កំណត់​សម្រាប់​ភាពជា​ម្ចាស់​របស់​យើង។ ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​បរិបទ​ថ្មីនេះ​យើង​ត្រូវ​ប្រកាន់យក​គោលការណ៍«បី​មួយ» ដែល​ជា​ប្រព័ន្ធ​ថាមវន្ត​ដែល​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដំណើរការ​ក្រោម​ក្របខណ្ឌ​រួម​មួយ៖

  • ផែនការ​យុទ្ធ​សាស្រ្ត​តែមួយ៖ សកម្មភាព​របស់​យើង​ត្រូវតែ​តម្រឹម​ឱ្យ​បាន​ល្អ​សមស្រប​ជាមួយ​យុទ្ធ​សាស្រ្ត​ជាតិ។
  • យន្តការ​សម្របសម្រួល​តែមួយ៖ កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងអស់​របស់​ថ្នាក់​ជាតិ​និង​ថ្នាក់ក្រោម​ជាតិ ត្រូវ​បញ្ជូន​តាមរយៈ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ដើម្បី​លុបចេញ​ការ​ត្រួត​ជាន់​ភារកិច្ច និង​បង្កើន​ប្រសិទ្ធភាព។
  • ប្រព័ន្ធ​តាមដាន​និង​វាយតម្លៃ​តែមួយ៖ យើង​ត្រូវតែ​ប្រើ​ប្រព័ន្ធ​ជាតិ​តែមួយ​ដែល​អាច​ទុកចិត្ត​បាន សម្រាប់​ការ​តាមដាន​វឌ្ឍនភាព និង​ការប្រើ​ប្រាស់​ធនធាន។

មុននឹង​ប្រកាស​បើក​សន្និបាត ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​ថ្លែង​ស្នើ​គ្រប់​ក្រសួង ស្ថាប័ន និង​ជាពិសេស​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​រាជធានី ខេត្ត​នី​មួយៗ បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ និង​ភាពជា​ម្ចាស់ តាមរយៈ​ការ​ប្រកាន់​ខ្ជាប់ និង​ភាព​ម៉ឺងម៉ាត់​ចំពោះ៖ តម្លាភាព​និង​គណនេយ្យ​ភាព,ប្រសិទ្ធភាព​និង​អាទិភាព, ការ​ត្រួតពិនិត្យ​និង​តាមដាន។