នៅព្រឹកថ្ងៃចន្ទ ១១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ទិវានេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាទេសរដ្ឋមន្ដ្រី ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី តំណាងអង្គទូត កាកបាទក្រហមកម្ពុជា អង្គការជាតិ អន្តរជាតិ សង្គមស៊ីវិល កងកម្លាំងប្រដាប់អាវុធ សមាគមកាយឫទ្ធិនារីកម្ពុជា សមាគមសិល្បករខ្មែរ យុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំនិងមន្ត្រីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាពិសេសបណ្ដាញអ្នកផ្ទុកមេរោគអេដស៍ និងបណ្ដាញក្រុមប្រជាជនគន្លឹះ។
កម្មវិធីនៃទិវារួមមាន :
- ចំណាប់អារម្មណ៍របស់លោកស្រី ហាន សៀងហ៊ន តំណាងអ្នកផ្ទុកមេរោគអេដស៍
- ចំណាប់អារម្មណ៍របស់លោកវេជ្ជបណ្ឌិត ខេម ថាន់ តំណាងគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព(HACC)
- ចំណាប់អារម្មណ៍របស់លោកស្រី Patricia Ongpin នាយិការអង្គការUNAIDS ប្រចាំកម្ពុជា ឡាវ និងម៉ាឡេស៊ី
- របាយការណ៍សង្ខេបស្តីពីការងារប្រយុទ្ធទប់ស្កាត់ការរីករាលដាល និងស្ថានភាពមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជាឆ្នាំ២០២៥ ដោយឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
- សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍/ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា អានដោយឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ
- សុន្ទរកថាឯកឧត្តមឧបនាយរដ្ឋមន្រ្តី សុខ ចិន្តាសោភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា











