ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ អញ្ជើញជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំស្តីពី ការជំរុញ​ការអនុវត្ត​គោលនយោបាយជាតិ​បញ្ចប់អេដស៍ និងចីរភាព​កម្មវិធីអេដស៍​សម្រាប់ឆ្នាំ២០២៣-​២០២៨

by Admin-Kanel | February 9, 2026 4:21 pm

នាព្រឹកថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការជំរុញការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រធាន អនុប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន អង្គការក្រៅរដ្ឋាភិបាល សង្កាត់ជំវិញក្រុងព្រះសីហនុ សរុបប្រមាណ២០០នាក់ និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានីខេត្ត លេខាធិការដ្ឋានរាជធានីខេត្ត រដ្ឋបាលរាជធានីខេត្ត តាមប្រព័ន្ធនិម្មិត ZOOM សរុបប្រមាណ២១៨គណនី។

គោលបំណងនៃកិច្ចប្រជុំ៖

  1. បង្កើនការយល់ដឹងរួមគ្នាលើការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨
  2. កំណត់នូវសូចនាករសម្រាប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ស្របតាមភារកិច្ច ដូចមានចែងក្នុង ឧបសម្ព័ន្ធ១ នៃគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨
  3. បង្កើនការយល់ដឹងបន្ថែមដល់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងស្ថាប័ន រាជធានី ខេត្ត ដើម្បីជំរុញការអនុវត្តលិខិតលេខ២១ សជណ.កប ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ស្តីពីករណីវិធានការជំរុញប្រសិទ្ធភាពនឹងការឆ្លើយតបនៃមេរោគអេដស៍ និងជំងឺអេដស៍របស់ទីស្តីការគណៈរដ្ឋមន្រ្តី
  4. ពង្រឹងភាពជាម្ចាស់ក្នុងការពង្រឹងប្រព័ន្ធជាតិឆ្លើយតបជាពហុវិស័យចំពោះមេរោគអេដស៍ និងជំងឺអេដស៍
  5. លើកកម្ពស់ការយល់ដឹង និងប្រើប្រាស់មូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់ក្នុងការងារ ឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍
  6. ធ្វើឱ្យកាន់តែប្រសើរឡើងនូវយន្តការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍រវាងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

Source URL: https://iengmouly.net/km/2026/02/09/%e1%9e%af%e1%9e%80%e1%9e%a7%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%98%e1%9e%91%e1%9f%81%e1%9e%9f%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%98%e1%9e%93%e1%9f%92%e1%9e%9a%e1%9f%92%e1%9e%8f%e1%9e%b8-13/