នារសៀលថ្ងៃអង្គារ ៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង២:០០នាទី នៅភូមិរំលឹក ឃុំទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងថ្នាក់ដឹកនាំអ.ជ.ប.ជ.អ ព្រមទាំងអ្នកតំណាងរាស្ត្រ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ស្ពឺ និងថ្នាក់ដឹកនាំរដ្ឋបាលស្រុកបរសេដ្ឋ បានអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព លោកព្រឹន្ទបាលឯក ណៃ ចន្នី នៅវរសេនាតូច អង្គភាពទីបញ្ជាការមុខកងទ័ពជើងគោកប្រចាំទិសយោធភូមិភាគទី៤ កងអង្គភាព កងពលធំអន្តរាគមន៍លេខ៣ នៅមូលដ្ឋានសមរភូមិ ខេត្តព្រះវិហារ ដែលបានពលីជីវិតក្នុងជន្មាយុ៤៥ឆ្នាំ នៅសមរភូមិ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី។
យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកមរណទុក្ខ ដ៏ក្រៀមក្រំ និងសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះមរណភាពរបស់លោកព្រឹន្ទបាលឯក ណៃ ចន្នី ជាមួយក្រុមគ្រួសារ ដែលបានបាត់បង់ស្វាមី ប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងជាការបាត់បង់ឪពុក ប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ជាពិសេស គឺជាការបាត់បង់នូវវីរយុទ្ធជនដ៏អង់អាចក្លាហានបំផុតដែលបានបូជាជីវិតជូនជាតិមាតុភូមិ ក្នុងបុព្វហេតុការពារជាតិ ការពារបូរណភាពទឹកដី ពីខ្មាំងសត្រូវឈ្លានពាន។
យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកព្រឹន្ទបាលឯក ណៃ ចន្នី សូម បានចាប់បដិសន្ធិនៅទីឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

Posted inUncategorized










