នៅព្រឹកថ្ងៃចន្ទ ១២រោច ខែកត្ដិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីម៉ោង៩ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំ ពិធីជួបសំណេះសំណាលជាមួយគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងសុខាភិបាល ដែលបានកែសម្រួលសមាសភាពថ្មី។ ពិធីនេះរៀបចំឡើងដើម្បីស្វាគមន៍លោកជំទាវ យក់ សម្បត្តិ ប្រធាន និងសមាជិកដែលទើបកែសម្រួលសមាសភាពថ្មី ព្រមទាំងពិនិត្យមើលវឌ្ឍនភាពក្នុងការអនុវត្តគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ក្នុងវិស័យសុខាភិបាល ដើម្បីឈានទៅបញ្ចប់អេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ។
មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្វាគមន៍ប្រតិភូគណៈកម្មាធិការប្រយុទ្ធនឹងជំងឺ អេដស៍ក្រសួងសុខាភិបាល ដែលដឹកនាំដោយលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការនិងជាប្រធាន គណៈកម្មាធិការ និងថ្លែងអំណរគុណក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ធ្វើឱ្យសម្រេចជោគជ័យ។ ក្នុងនោះ គោលដៅ៩៥-៩៥-៩៥ កម្ពុជាសម្រេចបាន ៩២-១០០-៩៨។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កម្ពុជាទទួលបានកេរ្តិ៍ឈ្មោះក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ គឺជាស្នាដៃរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ថែមថា ក្រៅពីស្វាគមន៍លោកជំទាវប្រធាន និងសមាជិក ជំនួបនៅថ្ងៃនេះគឺចង់ពិនិត្យមើលទាំងអស់គ្នាពីចំណុចដែលអាចកើតមាន និងធ្វើការឆ្លើយតប។ ក្នុងនោះរួមមាន៖ បញ្ហាហិរញ្ញវត្ថុ បញ្ហាជំនួយពីដៃគូអភិវឌ្ឍនិងអន្តរជាតិ គម្រោងបញ្ចប់អង្គការយូអិនអេដស៍នៅចុងឆ្នាំ២០២៦(បញ្ហាពាក់ព័ន្ធនឹងព័ត៌មានយុទ្ធសាស្រ្ត) និងការគិតគូរអំពីយុទ្ធសាស្រ្តចាកចេញ(Exit Strategy)របស់ដៃគូអភិវឌ្ឍ។ បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីស្នើក្រសួងសុខាភិបាលពង្រឹងការប្រមូលទិន្នន័យពីផ្នែកឯកជនដើម្បីជំរុញគោលដៅ៩៥ទី១ និងការបន្ថយតអត្រាចម្លងមេរោគអេដស៍ពីមាតាទៅទារកឱ្យធ្លាក់ចុះទាបបន្ថែមទៀត។
បន្ទាប់មក ជាការឆ្លើយតបនិងចំណាប់អារម្មណ៍ លោកជំទាវ យក សម្បត្តិ បានថ្លែងថា យើងនៅតែព្រួយបារម្ភចំពោះករណីឆ្លងថ្មី ដែលនៅមិនទាន់ឃើញថាថមថយ។ ទន្ទឹមនឹងនេះ លោកជំទាវឯកភាពប្រសាសន៍ឯកឧត្តមទេសរដ្ឋមន្រ្តីថាខាងហិរញ្ញវត្ថុក៏មានភាពមិននឹងនរ។ នៅក្រសួងសុខាភិបាល ដែលមានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគបានខិតខំកៀរគរធនធាន គាំទ្រយ៉ាងទៀងទាត់ពីថវិកាជាតិ ប្រមាណ៦លានដុល្លារក្នុងការទិញឱសថ និងបរិក្ខារ។ នៅដើមឆ្នាំ ២០២៥នេះ ថវិកាជំនួយពីមូលនិធិសកល បានផ្អាកសកម្មភាពមួយរយៈ ហើយបន្តឡើងវិញ។ ប៉ុន្តែ យើងសង្ឃឹមថា នៅជុំទី៨ មូលនិធិសកលនៅតែបន្តគាំទ្រជំងឺអេដស៍ និងរបេង។ ចំណែកឯការឆ្លងពីម្តាយទៅកូន ក្រសួងខិតខំប្រឹងប្រែង ដែលក្នុងនោះអត្រាឆ្លងបានថយពី១៥% មក៦,៨% ហើយក៏នឹងបន្តប្រឹងប្រែងឱ្យការឆ្លងមានសន្ទុះថយចុះបន្ថែមទៀត។
នៅក្នុងបទបង្ហាញ ស្តីពីការត្រៀមយន្តការដឹកនាំធានាភាពជាម្ចាស់លើការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដោយប្រើធនធានក្នុងស្រុកនិងដៃគូអភិវឌ្ឍ ក្រោយឆ្នាំ២០២៦ ឯកឧត្តម ទា ផលា បានបញ្ជាក់ថា តាមរបាយការណ៍អង្គការសហប្រជាជាតិ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី១០ គឺមានស្នាដៃក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។ បន្ទាប់មក មានការចូលរួមមតិនិងពិភាក្សាពី និន្នាការនៃការឆ្លងថ្មី ថវិកាជំនួយពីខាងក្រៅ ការពិនិត្យឡើងវិញលើការត្រៀមខ្លួនក្នុងដំណាក់កាលអន្តរកាល ការពិនិត្យឡើងវិញនូវផែនទីចង្អុលផ្លូវសម្រាប់ចីរភាពកម្មវិធីអេដស៍ និងការគិតគូរអំពីយុទ្ធសាស្រ្តចាកចេញ (Exit Strategy) របស់ដៃគូអភិវឌ្ឍ ពីសមាជិក សមាជិកាដែលរួមមាន ឯកឧត្តម ម៉ៅ តាន់អ៊ាង, លោកសាស្រ្តាចារ្យជំនួយ អ៊ុក វិជ្ជា លោកស្រី ទេព សំណាង លោកស្រី គឹម រ័ត្ននា ឯកឧត្តម មាន ឈីវុន និងឯកឧត្តម ឈឹម ឃិន ដារ៉េត ផងដែរ។
មានប្រសាសន៍បិទកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងអរគុណលោកជំទាវប្រធាន និងគណៈកម្មាធិការ ដែលបានយកចិត្តទុកដាក់ចូលរួមពិធីនាពេលនេះ ហើយគឺជាពេលវេលាល្អមុនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីលើរបាយការណ៍វឌ្ឍនភាពស្តីពីការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានណែនាំជូនឯកឧត្តម ទា ផលា ធ្វើការជាមួយក្រសួងសុខាភិបាល ដោយមានការចូលរួមពី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើ ការពិនិត្យឡើងវិញលើការត្រៀមខ្លួនរួចជាស្រេចនៅក្នុងដំណាក់កាលអន្តរកាល ការពិនិត្យឡើងវិញនូវផែនទីចង្អុលផ្លូវសម្រាប់ចីរភាពកម្មវិធីអេដស៍ និងការគិតគូរអំពីយុទ្ធសាស្រ្តចាកចេញ(Exit Strategy)របស់ដៃគូអភិវឌ្ឍ។










