ក្រុមឧត្តមសេនីយថៃលួចលុយដុល្លារ
ដែលសហរដ្ឋអាមេរិកផ្តល់ដល់ភាគីខ្មែរ
ពាក់ព័ន្ធនឹងរឿងជំនួយរបស់សហរដ្ឋអាមេរិក ដល់ភាគី
មិនមែនកុម្មុយនីស្តនៃចលនាតស៊ូប្រឆាំងវៀតណាម គឺរណសិរ្យជាតិរំដោះប្រជាពលរដ្ឋខ្មែរ របស់លោកតា សឺន សាន និង រណសិរ្សសីហនុនិយមហ្វ៊ុនស៊ិនប៉ិច (Non-Communist Faction) សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្ត បានទម្លាយឲ្យ
សាធារណជនដឹងអំពីការលួចកេងប្រវ័ញ្ចជំនួយខ្មែរដោយមេទ័ពថៃ ។ សារព័ត៌មាននេះ បានចុះផ្សាយនូវរបាយការណ៍របស់ក្រុមស៊ើបការសម្ងាត់ ស៊ី អាយ អេ (CIA) ថានាយទាហានថៃ ដោយប្រហែលជាមានការស៊ុំគ្រលំជាមួយអ្នកជំនួញថៃផង បានលួចកេងប្រវ័ញ្ចថវិកាប្រហែល ៣ លានកន្លះលើជំនួយ១២ លានដុល្លារ សម្រាប់ជួយចលនាតស៊ូប្រឆាំងវៀតណាមទាំងពីរខាងលើក្នុង ឆ្នាំ១៩៨៧[1] ។ ដោយសារកើតរឿងអាស្រូវយ៉ាងនេះ នៅសហរដ្ឋអាមេរិក មានការតស៊ូមតិគ្នាជាច្រើនថា តើគួរបន្តផ្ដល់ជំនួយតទៅទៀត ឬ ត្រូវបញ្ឈប់
ជំនួយ ។ ក៏ប៉ុន្តែមតិភាគច្រើន យល់ថាត្រូវតែបន្តជំនួយដល់ចលនាតស៊ូខ្មែរមិនមែនកុម្មុយនីស្តតទៅទៀត ។ ជំនួយនោះ ក៏ត្រូវបន្តតែមានចំនួនតិចជាងមុន ។
បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន ជំនួយចាប់ផ្ដើមនៅឆ្នាំ ១៩៨២ ជាឆ្នាំនៃការកកើតរដ្ឋាភិបាលចម្រុះត្រីភាគី សហរដ្ឋអាមេរិកបានផ្ដល់ជំនួយ ៥ លានដុល្លារក្នុងមួយឆ្នាំ បន្តមកឡើងដល់ ៨ លាន ហើយនៅឆ្នាំ ១៩៨៨ ឡើងរហូតដល់ ១២ លានដុល្លារ ។ នៅពេលដែលមានការបែក ធ្លាយអំពីរឿងអាស្រូវ ជំនួយក៏ធ្លាក់មក ៨ លានវិញ[2] ។ សូមរំលឹកថាមេដឹកនាំចលនាតស៊ូខ្មែរ ជាពិសេសលោកតា សឺន សាន ជាដើម ធ្លាប់បានទាមទារឲ្យសហរដ្ឋអាមេរិកផ្ដល់ជំនួយផ្ទាល់មកភាគីរបស់លោកតាតែម្ដង ដោយមិនបាច់ឆ្លងកាត់តាមក្រុមយោធាថៃទៀតទេ ។ លោកតាប្រធានធ្លាប់បាន សរសេរសំបុត្រតវ៉ាទៅសហរដ្ឋអាមេរិកថា ចំពោះជំនួយសហរដ្ឋអាមេរិកនោះ លោកតាបានគ្រាន់តែចុះហត្ថលេខាលើឯកសារ ឬ នៅលើក្រដាស់តែប៉ុណ្ណោះ ឯសាច់ប្រាក់លោកតាមិនដែលឃើញពណ៌សម្បុរយ៉ាងដូចម្ដេចនោះទេ[3] ។ ក្នុងរឿងជំនួយនេះ ខ្ញុំបានសរសេរនៅក្នុងសៀវភៅទីមួយរបស់ខ្ញុំរួច ហើយ បើតាមការសន្និដ្ឋានផ្ទាល់ ក្នុងជំនួយ ១០០ ពួកយើងទទួលបានត្រឹម ៣០ នោះច្រើនពេកហើយ ។ នៅសម័យនោះ ប្រាក់មួយលានៗ ដុល្លារមានតម្លៃសម្បើមណាស់ ។ ជាទូទៅការប្រើប្រាស់ថវិកាជំនួយនេះ ស្ថិតនៅក្រោមការគ្រប់គ្រងមូលនិធិរបស់គណៈកម្មាធិការចំនួន ៣ គឺទី១ គណៈកម្មាធិការដែលមាន លោករដ្ឋមន្ត្រីក្រសួងការបរទេសថៃ សិទ្ធិ សាវ៉េតសីលា ជាប្រធាន លោកឧត្តមសេនីយ៍ ឆាវលិត មេបញ្ជាការកងទ័ពជើងគោកថៃជាសមាជិក និង លោក កាសេម សាមោសន កាសេមស៊េរី បាឡាត់ក្រសួង ឬ រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសថៃជាសមាជិក ។ គណៈកម្មាធិការទី១នេះ មានភារកិច្ចជាអ្នកកំណត់អាទិភាពនៃការប្រើប្រាស់មូលនិធិ ។ គណៈកម្មាធិការទី២ មានសមាសភាពមកពីសហរដ្ឋអាមេរិក សិង្ហបុរី ម៉ាឡេស៊ី និង ថៃ ដែលពួកយើងអ្នកតស៊ូហៅថា ក្រុមការងារអាស៊ាន ឬ ហៅកាត់ថាក្រុមការងារ (Working Group) ។ តាមធម្មតា ប្រទេសសិង្ហបុរី និង ម៉ាឡេស៊ី នឹងផ្ដល់ជំនួយស្មើនឹងចំនួន ១ ភាគ ៣ រៀងៗខ្លួននៃជំនួយរបស់អាមេរិក ឧទាហរណ៍ បើអាមេរិកផ្ដល់ ៣ លានដុល្លារ ប្រទេស
នីមួយៗខាងលើនិងផ្ដល់ ១ លានដុល្លារ តែសិង្ហបុរីផ្ដល់ជាសាច់ប្រាក់សុទ្ធ ឯម៉ាឡេស៊ីផ្ដល់ជាស្បៀង ឬ ជាកម្មវិធីហ្វឹកហាត់តម្លៃស្មើ ១ លានដុល្លារដែរ ។ ប្រហែលជាដឹងអំពីការលួចកេងប្រវ័ញ្ចនេះ សិង្ហបុរីក៏ បានបញ្ឈប់ជំនួយនៅឆ្នាំ ១៩៨៧ ។ គណៈកម្មាធិការទី៣ ស្ថិតនៅក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ថៃ ៤ រូប ដែលជាអ្នកចែកចាយផ្ទាល់ ទាំងថវិកា ទាំងសម្ភារៈដល់ភាគីខ្មែរ ។ ឧត្តមសេនីយ៍ថ្នាក់ខ្ពស់ ជាងគេជាមេ ឧត្តមសេនីយ៍ថ្នាក់បន្ទាប់ជាអនុ ឬ រង និង ឧត្តមសេនីយ៍ពីរនាក់ទៀតជាមន្ត្រីគម្រោង (Project officer)[4] ។ រឿងដ៏អាស្រូវនេះទំនងជាកើតឡើងក្នុងចំណោម នាយទាហានទាំង ៤ នេះ ។ ការលួចកេងប្រវ័ញ្ចជំនួយដល់អ្នកតស៊ូខ្មែរ បានកើតឡើងនៅចុងអាណត្តិរបស់លោក នាយករដ្ឋមន្ត្រី ប្រេម ទិនសុឡានន្ត ។ ដើម្បីដោះស្រាយបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ប្រេម ក៏បានតែងតាំងមនុស្សជំនឹត គឺលោក ស៊ូរៈយុទ្ធ ជូឡានន្ត (Surayuth Chulanond) ឲ្យទទួលខុសត្រូវលើជំនួយទាំងអស់នោះ[5] ។ ពួកយើងដែលធ្វើការនៅក្នុងចលនាតស៊ូសម័យនោះស្គាល់លោក ស៊ូរៈយុទ្ធ ត្រឹមឈ្មោះសង្គ្រាមរបស់គាត់ (Nom de guerre) ដែលទាហានថៃប្រាប់យើងឲ្យហៅថា ហួណាវិស្ណុ តែនៅពេលសរសេរជាភាសាអង់គ្លេសថា ឲ្យសរសេរថា (Huna Wishu) ជាប្រធានក្រុមការងារ ។ តាមរបៀបរបបការងារ នៅពេលពួកយើងត្រូវការ ថវិកា ជាពិសេស សម្រាប់បេសកកម្មក្រៅប្រទេស ដំបូងយើងស្នើសុំផ្ទាល់ទៅក្រសួងការបរទេស ក៏ប៉ុន្តែក្រោយមកនៅពេលដែលក្រុមការងារដំណើរការ យើងធ្វើលិខិតស្នើសុំទៅលោកប្រធានក្រុមការងារ ឬ ហួណាវិស្ណុ ។ បើពាក្យស្នើសុំរបស់យើងបានទទួលការអនុម័តយល់ព្រមពីរថ្នាក់លើ មន្ត្រីយោធាថៃ ដែលគ្រប់គ្រងពួកយើងផ្ទាល់នឹងនាំយកប្រាក់សុទ្ធមកបើកឲ្យយើង ឬ ហៅពួកយើងឲ្យទៅបើកនៅទីកន្លែងណាមួយ ដែលទាហានថៃចង្អុលប្រាប់ ភាគច្រើននៅតាមផ្ទះសុវត្ថិភាព (safe house) ។ ផ្ទះសុវត្ថិភាពជាភូមិគ្រឹះស៊ីវិល ដែលមើលពីក្រៅឃើញដូចជាផ្ទះអ្នកស្រុកធម្មតា មិនមានសកម្មភាពយោធាអ្វីទេ ព្រោះទោះបីជាមានអ្នកយាមប្រចាំការ អ្នកទាំងនោះសុទ្ធតែ ស្លៀកពាក់ស៊ីវិលហើយពួកគេនៅតែក្នុងបរិវេណផ្ទះ មិនចេញចូលរហេតរហូត ដែលនាំឲ្យមានការសង្ស័យនោះទេ ។ ពួកទាហានថៃមិនបានប្រាប់ពួកយើងថាយើងមានថវិកាទាំងអស់ប៉ុន្មាន និង ថាតើថវិកានោះបានមកពីប្រភពណាទេ គេគ្រាន់តែឲ្យលើកសំណើរចំណាយ តាមតម្រូវការចាំបាច់របស់យើងតែប៉ុណ្ណោះ ។ ការចំណាយមួយចំនួន ជួនកាលយើងត្រូវចាយមុន រួចទើបគេទូទាត់ឱ្យយើងតាមក្រោយ ។
អ្នកទទួលខុសត្រូវនយោបាយថៃមានការព្រួយបារម្ភចំពោះប្រទេសថៃដែលអាចខូចឈ្មោះដោយសារការលួចយកប្រាក់ជំនួយសម្រាប់អ្នកតស៊ូខ្មែរ ។ លោកនាយករដ្ឋមន្ត្រីថៃថ្មី ឆាទិឆាយ ឈុនហាវ៉ាន់ បានប្រាប់សមាជិករដ្ឋាភិបាលរបស់លោកឲ្យជៀសវាង កុំធ្វើអត្ថាធិប្បាយអ្វីឲ្យសោះទាក់ទងនឹងរឿងអាស្រូវនេះ ។ អ្នកកាសែតបានដកស្រង់សម្តីរបស់លោកនាយករដ្ឋ មន្ត្រីថាអំពើពុករលួយដែលត្រូវបានចោទប្រកាន់នោះ កើតឡើងមុនពេលលោកចូលមកកាន់ ដំណែង ដូច្នេះរដ្ឋាភិបាលរបស់លោកមិនបាច់និយាយច្រើនអំពីរឿងអាស្រូវនេះទេ និយាយកាន់តែតិចកាន់តែល្អ ឯការខូចខាតកេរ្តិឈ្មោះរបស់ប្រទេសថៃក៏មានតិច នេះបើយោងតាមប្រភពពីគណរដ្ឋមន្ត្រីដែលមិនបញ្ចញឈ្មោះ[6] ។ ចំណែកលោករដ្ឋមន្ត្រីការបរទេស សិទ្ធី សាវេតសីលា ក៏ប្រកែកថា លោកមិនបានដឹងអំពីករណីពុករលួយនេះទេ ។ លោកប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំជឿថាកងទ័ពនឹងដឹងពីវិធីដោះស្រាយរឿងអាស្រូវនេះ ក៏ប៉ុន្តែខ្ញុំមិនដឹងថាពួកគេនឹងជ្រើសយកវិធីណាទេ”[7] ។ លោករដ្ឋមន្ត្រីបន្តទៀតថា “ក្រសួងការបរទេសនឹងជួយកងទ័ព ប្រសិនបើ មានការស្នើសុំ”[8] ។ មន្ត្រីជាន់ខ្ពស់ថៃមួយចំនួនមិនរំលេចអំពីអំពើពុករលួយរបស់ក្រុមឧត្តមសេនីយ៍ថៃទេ តែខំបកស្រាយថា ការទម្លាយឲ្យបែកធ្លាយរឿងអាស្រូវនេះ កើតឡើងដោយសារបញ្ហាផ្ទៃក្នុងរបស់សហរដ្ឋអាមេរិក ដែលកំពុងស្ថឹតនៅក្នុងយុទ្ធនាការឃោសនាដណ្តើមសន្លឹកឆ្នោត សម្រាប់ដំណែង ប្រធានាធិបតី ។ មន្ត្រីថៃខំបកស្រាយថាគណបក្សដែលកំពុងប្រកួតប្រជែងគ្នាខឹតខំស្វែងរកចំណុចខ្សោយរបស់គូប្រកួត ដើម្បីយកប្រៀបក្នុងការបោះឆ្នោត ។
លោកអនុរដ្ឋមន្ត្រីក្រសួងការបរទេសថៃ ប្រាផាស លិមប៉ាបាន់ធុ (Prapas Limpabandhu) បានកត់សម្គាល់ថា ការទម្លាយរឿងអាស្រូវ កើតចេញពីការឃោសនាបោះឆ្នោតប្រធានាធិបតី នៅសហរដ្ឋអាមេរិកដែល កំពុងដំណើរការ[9] ។ លោក
ប្រាផាស និយាយថា “រឿងនេះលេចឡើងដោយសាររដូវបោះឆ្នោតនៅសហរដ្ឋអាមេរិក ហើយគណបក្សមួយអាចលើករឿងនេះមកប្រើជាកលល្បិចដោយ មិនខ្វល់អំពីប្រទេសថៃ”[10] ។ ចំណែកលោក លោក កាសេម សាមោសន កាសេមស៊េរី បាឡាត់ក្រសួង ឬ រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសថៃបានតវ៉ាថា ពួកអាមេរិកមិនគួរទម្លាយរឿងបែបនេះទេ ដោយលើកឡើងថា “ប្រទេសយើងទាំងពីរជាមិត្តនឹងគ្នា បើមាន ការ សង្ស័យអ្វីមួយ គួរតែយកភស្តុតាងមកនិយាយគ្នា មិនគួរលើកការចោទប្រកាន់បែបបង្ខូចឈ្មោះយ៉ាងនេះ”[11] ។
មេទ័ពថៃខិតខំការពារខ្លួន ដោយប្រកាសថារឿងអាស្រូវបែបនេះមិនអាចកើតមាននៅក្នុងកងទ័ពថៃឡើយ ។ ពួកមេទ័ពនេះថែមទាំងចង់តវ៉ារកសខ្មៅជាមួយអ្នកកាសែតវ៉ាស៊ីនតោនប៉ុស្តទៀតផង ។ ក៏ប៉ុន្តែអ្នកកាសែតនោះនៅតែប្រកាន់ជំហររឹងមាំ ដោយបកស្រាយថាអត្ថបទនោះ មានសំអាងលើព័ត៌មានជាក់លាក់អាចជឿទុកចិត្តបាន ។ មតិមួយបានលើកឡើងថា ជំនួយសហរដ្ឋអាមេរិកដល់អ្នកតស៊ូខ្មែរមិនមែនកុម្មុយនិស្ត ជាជំនួយសម្ងាត់ ហេតុអ្វីអាមេរិកមិនបានរក្សាការសម្ងាត់ ធ្វើឲ្យមានការបែកធ្លាយជាសាធា រណៈបែបនេះ ។ តាមពិត នយោបាយអាមេរិកតម្រូវឲ្យជួយភាគីខ្មែរមិនមែនកុម្មុយនិស្តឲ្យមានកម្លាំងរឹងមាំ ដើម្បីអាចទប់ទល់នឹងកម្លាំងខ្មែរកុម្មុយនិស្ត បាន ។ សម្រាប់អាមេរិក ប្រទេសថៃជាច្រកតែមួយគត់ដែលអាចបញ្ជូនជំនួយទៅដល់ភាគីខ្មែរ ។ ដូច្នេះ សហរដ្ឋអាមេរិកគ្មានជម្រើសអ្វីក្រៅពីបន្តផ្ដល់ជំនួយតាមថៃតទៅទៀត ទោះជាជួបប្រទះបញ្ហាកេងប្រវ័ញ្ចយ៉ាងនេះក៏ដោយ ។ ការធ្វើឲ្យបែកធ្លាយរឿងអាស្រូវមេទាហានថៃលួចជំនួយសម្រាប់ភាគីខ្មែរគ្រាន់តែជាសារចង់ឲ្យថ្នាក់ដឹកនាំថៃដឹងថា មានអំពើពុករលួយនៅក្នុងចំណោមកងទ័ពរបស់ខ្លួន ។ ដើម្បីកែលម្អយន្តការនៃការចែកចាយជំនួយ ទីបំផុតកងទ័ពថៃបានតែងតាំងលោក ស៊ូរ:យុទ្ធ ជាប្រធានក្រុមការងារអាស៊ាន (ASEAN Working Group) ដូចដែលខ្ញុំបានលើករួចហើយខាងលើ ។ រឿងអាស្រូវមេទាហានថៃលួចលុយជំនួយខ្មែរនេះ ក៏ស្ងប់ស្ងាត់រហូត ។
[1] Thai Officers Accused of Pocketing US Covert Aid, Bangkok Post, November 1, 1988.
[2] How They Operate the Fund for Khmers, The Nation, November 2, 1988.
[3] អៀង មូលី, ជីវិតលើផ្លូវបត់បែនទៅរកសន្តិភាព, ទំព័រ ៦១៦, ៦១៧, ៦១៨, ការផ្សាយផ្ទាល់របស់អ្នកនិពន្ធ, ភ្នំពេញ ឆ្នាំ ២០១៣ ។
[4] Ibid
[5] Prem’s Man Gets Aid Assignment, The Nation, November 2, 1988.
[6] Aid Scandal Hurts Thai Image – PM, The Nation, November 2, 1988
[7] Ibid
ម
[9] Ibid
[10] Ibid
[11] Ibid
