ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង​របាយ​ការណ៍វឌ្ឍនភាពស្តីពីការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ឆ្នាំ២០២៥

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង​របាយ​ការណ៍វឌ្ឍនភាពស្តីពីការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ឆ្នាំ២០២៥

នៅព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំ ក្រុមការងារអន្តរក្រសួងតាមដានការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពស្តីពីការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ឆ្នាំ២០២៥។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន ដែលជាសមាជិកក្រុមការងារអន្តរក្រសួង ព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ផងដែរ។

មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ការជួបប្រជុំនៅថ្ងៃនេះគឺដើម្បីពិនិត្យលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពស្តីពីការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ឆ្នាំ២០២៥ មុននឹងដាក់ជូនទីស្តីការគណៈរដ្ឋមន្រ្តី។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា តាមការបញ្ជាក់ពី អង្គការយូអិនអេដស៍ កម្ពុជាគឺជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលបានសម្រេចគោលដៅ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ (៩៥%នៃអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួន ៩៥%នៃអ្នកផ្ទុកមេរោគអេដស៍ដែលដឹងពីស្ថានភាពមេរោគអេដស៍របស់ខ្លួនបានទទួលសេវាព្យាបាលនិងថែទាំមេរោគអេដស៍ និង៩៥%នៃអ្នកបានព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍មានបន្ទុកមេរោគអេដស៍កម្រិតទាប)។ ប៉ុន្តែ ទន្ទឹមនឹងនេះយើងនៅមានការព្រួយបារម្ភអំពីការឆ្លងថ្មីក្នុងចំណោមយុវវ័យដែលមានអត្រាខ្ពស់ ហើយនៅតែមានហានិភ័យខ្ពស់ផងដែរ ដោយសារការមិនទទួលបានសារពីការបង្ការការចម្លងមេរោគអេដស៍។ យើងនឹងខិតខំរកវិធីដោះស្រាយ ដើម្បីឱ្យការបង្ការការចម្លងកាន់តែធ្លាក់ចុះ។ បន្ថែមលើនេះ យើងក៏មានកង្វល់ពីបញ្ហាថវិកាឆ្លើយតបនឹងមេរោគអេដស៍ ដោយសារសង្រ្គាម និងវិបត្តិដែលបានកើតឡើងជាបន្តបន្ទាប់ ព្រមទាំងការធ្លាក់ចុះនៃថវិកាជំនួយពីដៃគូអន្តរជាតិ។ ដូច្នេះ បន្ទាប់ពីកិច្ចប្រជុំនេះយើងនឹងរៀបចំឱ្យមាន កិច្ចប្រជុំក្រុមការងារចីរភាពនៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ដើម្បីរកច្រកចេញបន្តទៀត។

មុននឹងប្រកាសបើកកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្នើសមាជិក សមាជិកាកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ និងលើកសំណើប្រសិនបើមាន ដើម្បីឱ្យសេចក្តីព្រាងបានកាន់តែគ្រប់ជ្រុងជ្រោយ។ គួរបញ្ជាក់ថា នៅក្នុងសេចក្តីព្រាងរបាយការណ៍ឆ្នាំ២០២៥រួមមាន ស្ថានភាពនៃមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា វឌ្ឍនភាពនៃការឆ្លើយតបនៅក្នុងឆ្នាំ២០២៥ បញ្ហាប្រឈម ដំណោះស្រាយ សំណូមពរ និងសេចក្តីសន្និដ្ឋាន។

​