ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៦

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៦

នៅព្រឹកថ្ងៃអង្គារ ១កើត ខែកត្ដិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ចាប់ពីម៉ោង៨៖២០ព្រឹក នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៦។ កិច្ចប្រជុំនេះឡើងដើម្បីពិនិត្យមើលរួមគ្នានូវវឌ្ឍនភាព សមិទ្ធផល និងប្រសិទ្ធភាព ក្នុងការប្រយុទ្ធនឹងមេរោគអេដស៍និងជំងឺអេដស៍សម្រាប់ រយៈពេល៦ខែចុងឆ្នាំ២០២៦ ព្រមទាំងធ្វើការពិភាក្សាប្រមូលធាតុចូលផងដែរ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន ឬតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន ព្រមទាំងប្រធាន ឬតំណាង លេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ រាជធានី ខេត្ត អង្គការជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិល សរុបចំនួន២០៧នាក់។

បន្ទាប់ពីសុន្ទរកថាស្វាគមន៍ដោយលោក នៃ គង់ អភិបាលរង និងជាតំណាងឯកឧត្តមអភិបាល ខេត្តព្រះសីហនុ ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍បើកកិច្ចប្រជុំ ដោយថ្លែង អំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែង និងបានចូលរួមយ៉ាងសកម្មក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ថែមថា កិច្ចសហការដ៏ឧត្តុង្គឧត្តមរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំប្រកបដោយថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជាបានទទួលជោគជ័យដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ត្រ គឺបានក្លាយជាប្រទេសទីមួយក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលសម្រេចបាននូវគោលដៅសកល៩៥-៩៥-៩៥។ ក្នុងនោះ កម្ពុជាសម្រេចបានលទ្ធផលឆ្នើមរហូតដល់៩៥->៩៩->៩៨ (ឬ៩៥-១០០-៩៨) នៃគោលដៅអេដស៍សកល៩៥-៩៥-៩៥ របស់អង្គការសហប្រជាជាតិមុនកាលកំណត់។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ថែមថា តាមរយៈសារាចរលេខ ២០សរ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ស្ដីពីការជំរុញការប្រើប្រាស់ស្រោមអនាម័យ១០០ភាគរយ ដើម្បីបង្ការមេរោគអេដស៍និងជំងឺអេដស៍ និងលិខិតលេខ ២១សជណ.កប ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្ដីពីវិធានការជំរុញប្រសិទ្ធភាពនៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ យើងមានជំនឿយ៉ាងមុតមាំថា កិច្ចសហការអន្តរវិស័យនឹងកាន់តែមានភាពស៊ីជម្រៅ ឆ្លើយតបទាន់ពេលវេលា និងធានាបានថា គោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣- ២០២៨ ត្រូវបានបញ្ចូលទៅក្នុងផែនការសកម្មភាពអាទិភាពនៅគ្រប់វិស័យ ប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍បញ្ជាក់ថា ក្នុងនាមជាស្ថាប័ន ជាតិ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣- ២០២៨ប្រកបដោយវឌ្ឍនភាព និងប្រសិទ្ធភាព តាមរយៈការចងក្រងព័ត៌មាន ដោយមានការចូលរួមយ៉ាងទូលំទូលាយ និងពហុវិស័យពីស្ថាប័នជាតិ អន្តរជាតិ វិស័យឯកជន សង្គមស៊ីវិល និងក្រុមគោលដៅ។ បន្ថែមពីលើនេះ ក្រសួងសុខាភិបាល ដែលមានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ជាសេនាធិការ បាននិងកំពុងរៀបចំឯកសារស្តីពីទិសដៅនៃការអនុវត្តកម្មវិធីដោយភ្នាក់ងារមិនមែនរដ្ឋ (Non-State Actor) ដែលជាផ្នែកដ៏សំខាន់មួយទៀតក្នុងការជួយបំពេញចន្លោះ ប្រហោង និងការខ្វះខាតថវិកា ដើម្បីអនុវត្តសកម្មភាពដែលនៅសេសសល់ឱ្យបានគ្រប់ជ្រុងជ្រោយ។

មុននឹងប្រកាសបើកកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ជារួម យើងនៅតែរក្សាបាននូវសមិទ្ធផល និងក្តីសង្ឃឹមខ្ពស់ក្នុងការបញ្ចប់ជំងឺអេដស៍។ ទន្ទឹមនឹងនេះ ការប្តេជ្ញាចិត្តត្រូវបានអនុវត្តដោយការពង្រឹងភាពជាម្ចាស់ ភាពជាអ្នកដឹកនាំ ការវិនិយោគ និងភាពជាដៃគូ ហើយសហការគ្នាជាចរន្តជាតិតែមួយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីពង្រីកសកម្មភាពឆ្លើយតបទ្វេដង។ បន្ថែមលើនេះ យើងនឹងពង្រឹងប្រព័ន្ធតាមដាន និងវាយតម្លៃជាតិ ដើម្បីធានាបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ រក្សាបាននូវចីរភាពនៃការឆ្លើយតបជាពហុវិស័យ ពីគ្រប់ស្ថាប័ន ជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន ជាពិសេសបណ្តាញអ្នកផ្ទុកមេរោគអេដស៍។

​