នៅព្រឹកថ្ងៃពុធ ២កើត ខែកត្ដិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ចាប់ពីម៉ោង៨:២០ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៦។ សន្និបាតនេះរៀបចំឡើងដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៦ និងលើកទិសដៅសកម្មភាពសម្រាប់ឆ្នាំ២០២៧ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ នៅព្រះរាជាណាចក្រកម្ពុជា។ អញ្ជើញចូលរួមក្នុងសន្និបាតរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន ឬតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន ព្រមទាំងប្រធាន ឬតំណាង លេខាធិការដ្ឋានប្រយុទ្ធ នឹងជំងឺអេដស៍ រាជធានី ខេត្ត អង្គការជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិល ចំនួន២០០នាក់។
មានប្រសាសន៍បើកសន្និបាត ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៦ និងលើកទិសដៅសកម្មភាពសម្រាប់ឆ្នាំ២០២៧ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ នៅពេលព្រឹកនេះបន្តទៀត។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ យើងបានរួមគ្នាបំពេញភារកិច្ចយ៉ាងសកម្ម ដើម្បីឈានទៅបញ្ចប់ការឆ្លងរាលដាលមេរោគអេដស៍និងជំងឺអេដស៍ ក្នុងដំណាក់កាលដែលស្ថានភាពជំនួយពីក្រៅប្រទេសមានការធ្លាក់ចុះ។
បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ផ្អែកលើទិន្នន័យនៅត្រីមាសទី៣ ឆ្នាំ២០២៦ អ្នកផ្ទុកមេរោគអេដស៍ចំនួន ៥៦ ៥៩៨នាក់ (ស្មើនឹង ៧៧,០៣%នៃអ្នកផ្ទុកមេរោគអេដស៍សរុប ៧៣ ៤៤៩នាក់ ដែលកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍) បានទទួលប័ណ្ណមូលនិធិសមធម៌សុខាភិបាល។
ទន្ទឹមនឹងនេះ ការបញ្ជ្រាបការយល់ដឹងអំពីមេរោគអេដស៍និងជំងឺអេដស៍ ត្រូវបានអនុវត្តនៅតាមក្រសួង ស្ថាប័ន និងរាជធានី ខេត្ត។ ដោយឡែក ក្រសួង ស្ថាប័នមួយចំនួន និងគ្រប់រាជធានី ខេត្តទាំងអស់ បានរៀបចំបន្ថែមនូវការបញ្ជ្រាបការយល់ដឹងអំពីការមិនរើសអើងអ្នកផ្ទុកមេរោគអេដស៍ លើការយល់ដឹងអំពីមេរោគអេដស៍និងជំងឺអេដស៍ថែមទៀត។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់បញ្ជាក់ថា នៅឆ្នាំ២០២៥ សមាមាត្រនៃការឆ្លងថ្មីក្នុងចំណោមយុវវ័យអាយុពី ១៥ដល់ ២៤ឆ្នាំ មានកម្រិតរហូតដល់ ៤៤%នៃចំនួនអ្នកឆ្លងថ្មីសរុប ៩៦០នាក់។ ការផ្លាស់ប្តូរឥរិយាបថ និងការយល់ដឹងពីមេរោគអេដស៍និងជំងឺអេដស៍ក្នុងចំណោមក្រុមប្រជាជនគន្លឹះនៅមានកម្រិតទាប រួមផ្សំជាមួយនឹងការធ្លាក់ចុះនៃការប្រើប្រាស់ស្រោមអនាម័យ បានធ្វើឱ្យយុវវ័យនៅតែប្រឈមមុខខ្ពស់នឹងហានិភ័យនៃការឆ្លងមេរោគអេដស៍។ បញ្ហាប្រឈមសំខាន់នាពេលបច្ចុប្បន្ន គឺយុវវ័យមិនទាន់ទទួលបានការយល់ដឹងទូលំទូលាយអំពីហានិភ័យ និងវិធីសាស្ត្រការពារ ដែលនាំឱ្យអត្រាឆ្លង មេរោគអេដស៍នៅតែមានកម្រិតខ្ពស់។ ទន្ទឹមនឹងនេះ ការកើនឡើងនៃក្រុមបុរសរកស៊ីផ្លូវភេទ ក៏ជាកត្តាជំរុញឱ្យមានការឆ្លងថ្មីគួរឱ្យព្រួយបារម្ភផងដែរ។ ម្យ៉ាងវិញទៀត កង្វះខាតថវិកាទ្រទ្រង់អង្គការមិនមែន រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ក្នុងការងារអេដស៍ បានធ្វើឱ្យសកម្មភាពបង្ការមានការថយចុះ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ថែមថា មេរៀនជាបទពិសោធន៍ដែលទទួលបានពីការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ នឹងដើរតួយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព ជាពិសេសគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលផ្តោតលើសុខភាព និងសុខុមាលភាព ព្រមទាំងគោលដៅស្តីពីសមភាពយេនឌ័រ ការកាត់បន្ថយវិសមភាព ភាពជាដៃគូសកល យុត្តិធម៌ សន្តិភាព និងសុខដុមនីយកម្មសង្គម។
មុននឹងប្រកាសបើកសន្និបាត ឯកឧត្តមទេសរដ្ឋមន្រ្តីបានបង្ហាញនូវជំនឿថា អង្គសន្និបាត នឹងទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ដែលកើតចេញពីការអនុវត្តជាក់ស្តែងរបស់សមាជិក សមាជិកាទាំងអស់។ ចំណេះដឹងទាំងនេះនឹងអាចយកទៅប្រើប្រាស់ក្នុងការកែលម្អ និងអនុវត្តកម្មវិធីឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ នៅតាមក្រសួង ស្ថាប័ន និងរាជធានី ខេត្តរៀងៗខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀតផងដែរ។

















